(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានរៀបចំផែនការបង្ក្រាបយ៉ាងល្អិតល្អន់ ដើម្បីចាប់ឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបរបស់ប្រជាពលរដ្ឋមួយក្រុមធំដែលមកពីរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ រួមមានមាន៖
*ទី១៖ ឈ្មោះ ផល លុច ហៅ ចាស់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានភ្នំពេញ
*ទី២៖ ឈ្មោះ ណែម ផានិត ហៅ ខ្និត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានភ្នំពេញ
*ទី៣៖ ឈៀង សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
*ទី៤៖ ឈ្មោះ ឃុត សុជាតិ ហៅ ញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកម្ហូប ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៥៖ ឈ្មោះ ឆាន់ ណាទ្រីវ ហៅ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៦៖ នាង សុផា ហៅ ឡេវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ
និងទី៧៖ ឈ្មោះ ហ៊ួ គឹមសេង ហៅ ពូជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
កម្លាំងជំនាញបានបន្តថា សម្ភារៈ និងវត្ថុតាងចាប់យកបានម៉ូតូចំនួន០៥គ្រឿង (មធ្យោបាយធ្វើសកម្មភាព) រួមមាន៖
*ម៉ាកនិច ពណ៌ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GW-8416
*ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-3455 ។ (ប្រើស្លាកលេខក្លែងបន្លំ សម្រាប់ធ្វើសកម្មភាពឆក់)
*ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-0372
*ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ រួមទាំងស្លាកលេខម៉ូតូ ១ផ្ទាំង លេខភ្នំពេញ 1IU-9928 (ផ្លាស់ប្តូរពេលធ្វើសកម្មភាពឆក់) ទូរស័ព្ទចំនួន ០៦គ្រឿង និងកាបូបលុយ ចំនួន០៥។
ចំពោះករណីខាងលើនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តតាមនីតិវិធីច្បាប់៕
ដោយគីរីដងរែក