25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

៣ចំណុចការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា

- Advertisement -spot_img

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីរឿងរ៉ាវ ដែលសម្តេចបានអនុញ្ញាតឱ្យ មេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដែលមាន ខៀវ សំផន, នួន ជា រួមទាំងអ្នកដទៃទៀត មកជួបសម្តេចដល់ផ្ទះ កាលពី២៤ឆ្នាំមុននោះ គឺដើម្បីផ្ញើសារ៣គោលដៅ ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។

ជំនួបកំពូលរវាង សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បានធ្វើឡើងនៅផ្ទះសម្តេចតេជោ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលព្រឹត្តិការណ៍នេះ ត្រូវបានកំណត់ជាថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចបានបញ្ជាក់ថា៖ « ហេតុអ្វីបានជាខ្ញុំត្រូវទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមដទៃទៀត នៅផ្ទះរបស់ខ្ញុំ ខ្ញុំចង់ផ្ញើសារទៅកាន់៣គោលដៅ

សារទី១របស់ខ្ញុំ សម្រាប់ផ្ញើទៅកាន់កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ប្រាប់ថាអ្នកឯងទម្លាក់អាវុធទៅ ព្រោះមេរបស់អ្នកឯងបានមកដល់ផ្ទះរបស់ខ្ញុំហើយ អាចនិយាយបានថា មកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាច ទៅហើយ

សារទី២ បានគោលដៅជូនទៅប្រជាជនទូទាំងប្រទេសដែលបានកើតសង្គ្រាមក្នុងរយៈពេល២៨ឆ្នាំរួចទៅហើយនោះ កំពុងតែភ័យខ្លាចនឹងសង្គ្រាមបន្ត គឺជម្រាបពួកគាត់ថា “សង្គ្រាមបានបញ្ចប់ហើយ”

ឯសារទី៣ ចង់ប្រាប់ទៅសហគមន៍អន្តរជាតិថា សូមអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសូមមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានបញ្ចប់សង្គ្រាមរបស់ខ្លួនរួចស្រេចទៅហើយ»។

ព្រឹត្តិការណ៍ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានចាត់ទុកថា ជាថ្ងៃបញ្ចប់សង្គ្រាម និងជម្លោះទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៦។ ជោគជ័យនេះ បាននាំមកនូវសន្តិភាពពេញលេញ ដែលអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស។

«នៅលើពិភពលោក ក៏មិនទាន់មានប្រទេសណាមួយដែលបញ្ចប់សង្គ្រាមតាមបែបកម្ពុជានោះដែរ។ គឺយើងបញ្ចប់តាមរយៈនយោបាយឈ្នះឈ្នះ ដែលមនុស្សទាំងអស់ឈ្នះទាំងអស់គ្នា ហើយវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ នៅក្នុងទឹកដីកម្ពុជា លើកលែងតែអ្នកល្មោភសង្គ្រាមមួយក្រុមនោះ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។

សម្តេចបានរំលឹកទៀតថា អតីតរបស់កម្ពុជាមិនមានរដ្ឋាភិបាលណាមួយអាចគ្រប់គ្រងប្រទេសបានទាំងអស់នោះទេ មិនថារដ្ឋាភិបាលគ្រប់គ្រងដោយបារាំង ជប៉ុន ឬអាមេរិក ឬខ្មែរក្រហម។ គឺមានតែរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាទី២នេះទេ ដែលគ្រប់គ្រងទឹកដីបានទាំងអស់។

«អញ្ចឹងរហូតដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ នេះជាប្រវត្តិសាស្ត្រពិតរបស់យើង»។ នេះជាការបញ្ជាក់របស់សម្តេច។

សម្តេចបានបន្តថា បើយោងលើអ្វីដែលយើងឆ្លងកាត់ដោយលំបាក សន្តិភាពមានតម្លៃធំណាស់សម្រាប់យើង ដែលយើងទាំងអស់គ្នាត្រូវតែការពារវាឱ្យបាន បើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍអ្វីទាំងអស់៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img