27 C
Phnom Penh
Saturday, November 23, 2024
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក និងពង្វាងទឹកនៅតាមស្ទឹង និងប្រឡាយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

- Advertisement -spot_img

នៅរសៀលថ្ងៃសៅរ៍​ ១៤រោច​ ខែ​អាសាឍ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​៣​ ខែ​សីហា ឆ្នាំ​២០២៤​​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយមខេត្តកំពង់ស្ពឺ​ ព្រមទាំងឯកឧត្តម​ ជាម​ ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរមូលដ្ឋាន​ ​​បានអញ្ជើញចុះពិនិត្យស្ថានភាពរំដោះទឹក​ ពង្វាងទឹក​​នៅតាមស្ទឹង និង​ប្រឡាយមួយចំនួន​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​​។​

ក្នុងឱកាសនោះ​​​ ឯកឧត្តមរដ្ឋមន្ត្រី​ និង​ក្រុមការងារបានអញ្ជើញ​ចុះពិនិត្យ​ស្ថានភាពទឹក​នៅការដ្ឋានគម្រោង​​​​ ប្រព័ន្ធដោះ​ទឹកស្ទឹងតូច​ ក្នុងភូមិសាស្ត្រ​ភូមិស្រែកក់ ឃុំរលាំងចក​​ និង​ការដ្ឋានប្រឡាយមេរលាំងជ្រៃខាងត្បូង​(រលាំងជ្រៃ​-ស្លាគូ) ស្ថិត​ក្នុងឃុំកាហែង ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។​

សូមជម្រាបថា​ ប្រព័ន្ធដោះទឹក​ស្ទឹងតូច​មានប្រវែង​ ៥១គីឡូម៉ែត្រ​ មានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោត​ ​ប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី​ តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និង​ខេត្តកណ្តាលឆ្ពោះ​​ទៅកាន់​ទន្លេបាទីក្នុងភូមិសាស្ត្រ​ខេត្តតាកែវ និង​បន្តហូរ​ធ្លាក់ទៅទន្លេបាសាក់​។​ ដោយឡែក​ប្រឡាយ​មេរលាំងជ្រៃខាងត្បូងឬប្រឡាយមេរលាំងជ្រៃស្លាគូ​ ប្រវែង​ជាង ៦០គីឡូម៉ែត្រ​ ជួយពង្វាងទឹក​ចេញពីស្ទឹងព្រែកត្នោត​ ពី​ប៉ែកខាងលើនៃខេត្តកំពង់ស្ពឺ​ ក្នុងបរិមាណប្រមាណ ២០០ម៉ែត្រគូប​ក្នុង១វិនាទី​​​ ដើម្បីជួយ​រម្លែកទឹកចេញពីស្ទឹងព្រែកត្នោត និង​ផ្ទៃរងទឹកភ្លៀង​​​​ឱ្យធ្លាក់ចូលទៅស្ទឹងស្លាគូ​ ផ្លូវជាតិលេខ៣​ ក្នុង​ខេត្តតាកែវ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បានណែនាំដល់ក្រុមការងារសាងសង់ឱ្យពង្រឹងលើគុណភាពការងារ​ និង​​ជំរុញពន្លឿន​ ការអនុវត្តឱ្យបានឆាប់​ទាន់ពេលវេលា​លើគ្រប់សកម្មភាពទាំងអស់ដែលកំពុងអនុវត្តយ៉ាងសកម្មក្នុងការដ្ឋានសាងសង់គម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និង​តំបន់រណប។

គួររម្លឹកផងដែរថា​ ក្នុងកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹក​នៅតាមបណ្ដាអាងទឹកក្នុងរាជធានី-ខេត្ត​​ ឯកឧត្តមរដ្ឋមន្ត្រី​បាន​ណែនាំដល់​​មន្ទីរធនធានទឹក និង​ឧតុនិយមរាជធានី-​ខេត្តទាំងអស់​​​ឱ្យបន្ត​យកចិត្តទុកដាក់ប្រកប​ដោយស្មារតី​ប្រុងប្រយ័ត្ន ទទួលខុសត្រូវ​ខ្ពស់​ និង​ត្រៀមលក្ខណៈ​ក្នុងការ​រំដោះទឹក ពង្វាងទឹក​ជំនន់តាមគ្រប់រូបភាព​ និង​មធ្យោបាយនានា​​​ ជាពិសេស​បន្ត​ពិនិត្យតាមដានស្ថានភាពទឹកជាប្រចាំនៅតាមអាងទឹក​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ពី​ហានិភ័យ​​ទឹកជំនន់រដូវវស្សាដែលអាចកើតឡើងជាយថាហេតុ​ និងត្រៀម​រក្សាទឹកទុកតាមលក្ខណៈបច្ចេកទេសសម្រាប់​​ការប្រើប្រាស់នារដូវប្រាំង។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ស្នើឱ្យមន្ទីរធនធានទឹក និង​ឧតុនិយម​រាជធានី-ខេត្តទាំងអស់សហការ​ឱ្យបានជិតស្និទ្ធ​ជាមួយ​មន្ទីរអង្គភាពពាក់ព័ន្ធ​ និង​​អាជ្ញាធរមូលដ្ឋាន​​ ក្នុងការការពារសុវត្ថិភាព​របស់បងប្អូនប្រជាពលរដ្ឋ​តាមមូលដ្ឋាន​ ក្នុងតំបន់ដែលទទួល​រងហានិភ័យ​ពីជំនន់​ទឹកភ្លៀង​ ជួយ​​ណែនាំពីការស្នាក់នៅលើ​ទីទួលសុវត្ថិភាពជា​បណ្ដោះ​អាសន្ន រក្សាការរស់នៅស្អាត​​ ការហូបស្អាត ផឹកស្អាតជាដើម។

សូមបញ្ជាក់ថា​ ជារៀងរាល់ឆ្នាំ​ នៅ​រដូវវស្សា​ បរិមាណទឹកភ្លៀង​ដ៏ច្រើន​បាន​ហូរ​ធ្លាក់ពីភ្នំឱរ៉ាល់​ក្នុង​ខេត្តកំពង់ស្ពឺ​ ​តាម​ព្រែកចំនួន​៥​ ហូរ​ចូលមកស្ទឹងព្រែកត្នោត​ ធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោត​កើនឡើង​ពី​១៣០០​ ទៅ​១៧០០ម៉ែត្រគូបក្នុងមួយវិនាទី​ ខណៈសំណង់ដោះ​ទឹក​នៅកំពង់ទួលទឹកថ្លា​នៅផ្នែក​ខាង​​ក្រោម​​អាច​ដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី ​ជាហេតុធ្វើឱ្យមានការជន់លិច​តំបន់​ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img