ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងព្យាយាមបង្កជម្លោះយោធាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ។
លោក Antonov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Newsweek ថា “អាជ្ញាធរអ៊ុយក្រែនមិនត្រឹមតែកំពុងអង្វរទីក្រុងវ៉ាស៊ីនតោន ឲ្យផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងព្យាយាមបង្កឲ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់ផ្នែកយោធារវាងសហព័ន្ធរុស្ស៊ី និងអង្គការណាតូ” ។
ដោយអត្ថាធិប្បាយអំពីឧប្បត្តិហេតុធ្លាក់មីស៊ីលកាលពីថ្ងៃអង្គារនៅប្រទេសប៉ូឡូញដែលបានសម្លាប់ជនជាតិប៉ូឡូញ ២ នាក់នោះ, លោក Antonov បាននិយាយថា “បញ្ហានេះបន្តធ្វើឲ្យមានការឆ្លើយតបយ៉ាងសំខាន់ពីសំណាក់សហរដ្ឋអាមេរិក” ។
លោក Antonov បញ្ជាក់ថា “ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាល បន្តបញ្ចេញសំឡេងមួយឃ្លាថា “រុស្ស៊ីត្រូវបានស្តីបន្ទោសចំពោះអ្វីៗគ្រប់យ៉ាង” ។ បច្ចុប្បន្នភាគីអាមេរិកងាកទៅរកវិធីសាស្រ្តបែបនេះ បើទោះជារដ្ឋាភិបាលទីក្រុងកៀវបានទទួលស្គាល់ជាសាធារណៈថា ខ្លួនពិតជាបានបាញ់មីស៊ីល និងការស្លាប់របស់ជនស៊ីវិលប៉ូឡូញក៏ដោយ” ។
ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតបានបន្ថែមថា “ការប៉ុនប៉ងមិនសមហេតុផលរបស់អាមេរិកដើម្បីស្តីបន្ទោសលើប្រទេសរុស្ស៊ីចំពោះឧប្បត្តិហេតុធ្លាក់មីស៊ីលនេះអាចត្រឹមតែជាការលួងចិត្តដល់រដ្ឋាភិបាលទីក្រុងកៀវប៉ុណ្ណោះ” ៕



ប្រែសម្រួលដោយគីរីដងរែក




