យោងតាមការអះអាងពីមេបញ្ជាការយោធាជាន់ខ្ពស់មួយរូប, រដ្ឋាភិបាលអាមេរិកនឹងបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយសន្យាថា នឹងពង្រឹងឃ្លាំងអាវុធរបស់អាមេរិកនៅលើដី លើអាកាស និងនៅសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់ កូរ៉េខាងជើង។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា លោកឧត្តមសេនីយ៍ Anthony Cotton នៃកងទ័ពអាកាស បាននិយាយអំពីតម្រូវការក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយទីក្រុងព្យុងយ៉ាង និងរដ្ឋជាគូប្រជែងដទៃទៀត។
លោកនិយាយថា “កូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីលក្នុងកម្រិតមិនធ្លាប់មានពីមុនមកកាលពីឆ្នាំ២០២២ ហើយមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ប្រភេទថ្មីរបស់ខ្លួនឈ្មោះ KN-28 បានគូសបញ្ជាក់ថា បញ្ហាប្រឈមផ្នែកសន្តិសុខនៅតែបន្តកើនឡើង។ ដើម្បីធានាបាននូវសមត្ថភាពរបស់យើងក្នុងការបម្រើជាមូលដ្ឋានគ្រឹះនៃការទប់ស្កាត់ យើងកំពុងពង្រឹងនូវរាល់ជើងព្រួលនុយក្លេអ៊ែរ និងប្រព័ន្ធគ្រប់គ្រងទីបញ្ជាការ និងទំនាក់ទំនងនុយក្លេអ៊ែរ”។
លោកឧត្តមសេនីយ៍ Anthony Cotton គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំងកាលពីឆ្នាំមុន ដោយកូរ៉េខាងជើង បានធ្វើតេស្ដអាវុធក្នុងចំនួនកំណត់ត្រា ចំពេលមានភាពវឹកវរនៃសមយុទ្ធសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
សកម្មភាពយោធាបានបន្តចូលដល់ឆ្នាំ២០២៣ ដោយទីក្រុងព្យុងយ៉ាង នៅតែបាញ់មីស៊ីល ខណៈទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល នៅតែបន្តធ្វើសមយុទ្ធជាច្រើនលើកច្រើនសា រួមទាំងសមយុទ្ធនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកផងដែរ៕




ប្រភពប្រែសម្រួលដោយគិរីដងរែក




