នៅថ្ងៃសៅរ៍ទី០៣ខែធ្នូនេះ សហរដ្ឋអាមេរិក បានបង្ហាញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយបច្ចេកវិទ្យាខ្ពស់ B-21 Raider ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយត្រូវបានរចនាឡើងដើម្បីអាចហោះហើរដោយគ្មានអ្នកបើក។
យន្តហោះដ៏ទំនើបនេះ ត្រូវបានបង្ហាញនៅឯរោងចក្រ Northrop Grumman ក្នុងទីក្រុង Palmdale នៃរដ្ឋ California។ វាត្រូវបានរចនាឡើងដើម្បីអនុវត្តការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ និងបេសកកម្មនុយក្លេអ៊ែរ ដោយប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយទំនើបៗ។
បច្ចុប្បន្ន មានយន្តហោះទម្លាក់គ្រាប់បែកចំនួន៦គ្រឿង កំពុងត្រូវបានផលិតនៅ Palmdale ដោយមួយគ្រឿងមានតម្លៃប្រហែល២ពាន់លានដុល្លារ។ យន្តហោះទាំងនេះ ត្រូវបានគេរំពឹងថា នឹងហោះហើរនៅក្នុងឆ្នាំ២០២៣។
កងទ័ពអាកាស និងក្រុមហ៊ុន Northrop បានចាប់ផ្តើមអភិវឌ្ឍយន្តហោះទម្លាក់គ្រាប់បែកនៅឆ្នាំ ២០១៥ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិ បានឈ្នះកិច្ចសន្យាក្នុងការរចនា និងផលិតយន្តហោះ។
យន្តហោះទំនើបនេះ ត្រូវបានគេដាក់ឈ្មោះតាម Doolittle Raiders ដែលជាក្រុមនាវិកយន្តហោះទម្លាក់គ្រាប់បែក B-21 សម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានគេស្គាល់ចំពោះវីរភាពនិងភាពក្លាហានរបស់ពួកគេ។
ថ្វីបើមិនមានការបញ្ជាក់លម្អិតអំពីលក្ខណៈពិសេសៗក៏ដោយ ប៉ុន្តែយន្តហោះនេះ ត្រូវបានគេអះអាងថា ប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយដែលមិនធ្លាប់មានពីមុន ដើម្បីបញ្ចៀសការចាប់សញ្ញាពីសត្រូវ ហើយអាចមានសមត្ថភាពហោះហើរទាំងមាន ឬគ្មានអ្នកបើក។
ប្រធាន Northrop លោក Tom Jones និយាយថា យន្តហោះនេះ ត្រូវបានធ្វើឲ្យប្រសើរសម្រាប់ប្រតិបត្តិការនៅក្នុងបរិយាកាសដែលមានការប្រកួតប្រជែងខ្លាំង។
កងទ័ពអាកាសបានហៅ B-21 ថាជាយន្តហោះជំនាន់ទីប្រាំមួយ ដែលមានន័យថា វានឹងក្លាយជាយន្តហោះទំនើបបំផុតនៅលើភពផែនដី៕


ប្រភព Al-Jazeera ប្រែសម្រួលដោយគីរីដងរែក




