កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿងឈ្មោះ USS Milius (ម៉ាយលៀស) នាថ្ងៃចន្ទនេះ បានធ្វើដំណើរឆ្លងកាត់ តំបន់ដែនទឹកដែលទាមទារដោយចិន នៅសមុទ្រចិនខាងត្បូង ក្នុងប្រតិបត្តិសេរីភាពនៃការធ្វើនាវាចរណ៍។
យោធាជើងទឹកអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍នេះ រក្សានូវសិទ្ធិ សេរីភាព និង ការប្រើប្រាស់ដោយស្របច្បាប់ នៃដែនសមុទ្រ» ហើយយោធាអាមេរិកក៏បានបន្ថែមថា នាវាចម្បាំង Milius បានធ្វើដំណើរឆ្លងកាត់ក្បែរតំបន់ ទីប្រជុំកោះស្រ្ពេតលី (Spartly Islands) ដែលមានបញ្ហាវិវាទ។ ឆ្លើយតបភ្លាមៗចំពោះដំណឹងនេះ ទីក្រុងប៉េកាំងបានចេញមុខថ្កោលទោស ថា នាវាយោធារបស់អាមេរិកខាងលើ បានទន្ទ្រានដោយខុសច្បាប់ ចូលមកក្នុងសមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា នៅចម្ងាយប្រហែល១,៣០០គីឡូម៉ែត្រពីទីនោះ ក្រុមយន្តហោះយោធានិងនាវាចម្បាំងចិន កំពុងតែបន្តការធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ដែលរួមមានទាំង ការហាត់សមវាយប្រហារលើគោលដៅសំខាន់ៗនៅតៃវ៉ាន់ ការបាញ់គ្រាប់ពិត និងការបិទខ្ទប់ ដែនកោះនេះ ដែលត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។ សមយុទ្ធរបស់ចិនកើតមានឡើង បន្ទាប់ពីជំនួបកាលពី សប្តាហ៍កន្លងទៅ រវាងមេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន ហើយនិងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី នៅក្នុង រដ្ឋកាលីហ្វរញ៉ា៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




