មន្ទីរបញ្ចកោណបានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងគ្រោងពន្លឿនដំណើរការផ្តល់រថក្រោះ Abrams របស់ខ្លួន ឱ្យរដ្ឋាភិបាលទីក្រុងកៀវ ជាមួយគោលដៅបញ្ជូនសព្វាវុធសំខាន់នេះទៅដល់ដៃអ៊ុយក្រែន ឱ្យបាននៅកំលុងរដូវស្លឹកឈើជ្រុះ ខាងមុខ ពោលគឺចន្លោះខែកញ្ញា-វិច្ឆិកា។
កាលពីខែមករា សហរដ្ឋអាមេរិកបានសន្យាផ្គត់ផ្គង់រថក្រោះ Abrams ស៊េរី M1A2 ដែលប្រើម៉ាស៉ីនតួប៊ីនហ្គាសពិសេស ចំនួន៣១គ្រឿង ក៏ប៉ុន្តែនឹងត្រូវប្រើពេលរាប់ខែ ឬចូលដល់ខ្ទង់ឆ្នាំ ទើបពួកវាអាចត្រូវបញ្ជូនទៅដល់អ៊ុយក្រែន។ យ៉ាងណាមិញ នាពេលនេះ លោក ផាទ្រីក រ៉ៃដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងការពារជាតិអាមេរិក ក្រោមការទាក់ទងជិតស្និទ្ធ ជាមួយអ៊ុយក្រែន បានសម្រេចចិត្តផ្តល់រថក្រោះ Abrams ស៊េរី M1A1 SA វិញ ដែលមានម៉ាស៉ីនដំណើរការ ដោយប្រេងម៉ាស៊ូត ដូចទៅនឹងរថក្រោះ ភាគច្រើនដទៃទៀត ដែលអ៊ុយក្រែនធ្លាប់ប្រើប្រាស់ស្រាប់់ដែរ។
គួរបញ្ជាក់ថា បើតាមលោក រ៉ៃដឺ ការផ្លាស់ប្តូរខាងលើ នឹងជួយពន្លឿនពេលវេលានៃការបញ្ជូនរថក្រោះ Abrams បានយ៉ាងច្រើន ហើយនឹង នាំយកពួកវាទៅដល់ដៃអ៊ុយក្រែន នៅត្រឹមកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ កាលពីខែមករា មន្ទីរបញ្ចកោណបានត្រៀមកញ្ចប់ថវិកាចំនួន ៤០០លានដុល្លារ សម្រាប់ផែនការដំបូងនៃការផ្តល់រថក្រោះ Abrams ស៊េរី M1A2 ឱ្យអ៊ុយក្រែន ខណៈលោក រ៉ៃដឺ បាននិយាយថា ថវិកានោះនឹងត្រូវប្រើប្រាស់ សម្រាប់ផែនការបញ្ជូនស៊េរី M1A1 វិញ៕




ប្រភព AP News ប្រែសម្រួលដោយគិរីដងរែក




