របាយការណ៍ថ្មីមួយបានឲ្យដឹងថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៣ នៅសហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអាមេរិកខាងជើង បាននឹងកំពុងផ្គត់ផ្គង់វត្ថុធាតុដើម និងបច្ចេកវិទ្យាផលិតអាវុធដល់យោធាមីយ៉ាន់ម៉ា ទោះបីជាមានការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចក៏ដោយ ។
របាយការណ៍ដែលរៀបចំដោយក្រុមប្រឹក្សាពិសេសសម្រាប់មីយ៉ាន់ម៉ា (SAC-M) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនទាំងនោះមានទីតាំងនៅក្នុងប្រទេសអូទ្រីស បារាំងចិនសិង្ហបុរីឥណ្ឌា អ៊ីស្រាអែល អ៊ុយក្រែន អាល្លឺម៉ង់ តៃវ៉ាន់ ជប៉ុន រុស្ស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
ក្រុមប្រឹក្សា SAC-M បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះកំពុងផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងបរិក្ខារ ម៉ាស៊ីនកំណត់លេខកុំព្យូទ័រ (CNC) ស្ដង់ដារខ្ពស់ និងបច្ចេកវិទ្យាពាក់ព័ន្ធដល់នាយកដ្ឋានឧស្សាហកម្មការពារជាតិ (DDI) របស់យោធាមីយ៉ាន់ម៉ា ដែលជាទូទៅហៅថា KaPaSa ។
របាយការណ៍បន្ថែមថា អាវុធដែលផលិតក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានប្រើប្រាស់ដោយយោធា ដើម្បីប្រព្រឹត្តការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំ ដែលស្មើនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតក្រោមច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលយោធាបានចូលកាន់តំណែងនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក យោធាត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សជាង ២,៧៣០ នាក់ ខណៈជាង ១៧,២០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ដើម្បីកំញើញអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលយោធា ៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




