មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយនឹងព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់ ប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើការសាកល្បងនុយក្លេអ៊ែរ ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃអាទិត្យថា “ចំនួននៃការបាញ់មីស៊ីលផ្លោងមិនធ្លាប់មានរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងពិភពលោកផងដែរ” ។
សេចក្តីថ្លែងការណ៍បន្តនិយាយថា “មេដឹកនាំទាំងបីជំរុញឲ្យកូរ៉េខាងជើង អនុវត្តតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយការសាកល្បងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏នឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិផងដែរ” ។
ទន្ទឹមនោះ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏នឹងអនុវត្តយ៉ាងពេញលេញ នូវការដាក់ទណ្ឌកម្មពាក់ព័ន្ធទាំងអស់លើកូរ៉េខាងជើង ហើយមេដឹកនាំទាំងបីក៏មានបំណង ចែករំលែកទិន្នន័យព្រមានមីស៊ីលរបស់កូរ៉េខាងជើង ក្នុងពេលវេលាជាក់ស្តែងដើម្បីបង្កើនសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការរកឃើញ និងវាយតម្លៃ នៃការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលរបស់កូរ៉េខាងជើងផងដែរ” ។
លើសពីនេះ មេដឹកនាំទាំងបីក៏បានអំពាវនាវឲ្យកូរ៉េខាងជើង ត្រលប់ទៅការចរចាវិញផងដែរ ដោយនិយាយថា “ផ្លូវទៅកាន់ការសន្ទនានៅតែបើកចំហឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងការទូត” ៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




