ប្រតិភូ និងអត្តពលិកកម្ពុជាជាង ១០០នាក់ លើ ៤ប្រភេទកីឡា ដែលមានក្រុមបាល់ទាត់បុរស-នារី, ប្រដាល់គុនខ្មែរ, ប្រដាល់ឃីកបុកស៊ីង និងកីឡាទូកានូ/រ៉ូអ៊ីង បានចាកចេញពីមាតុភូមិកំណើតហើយតាមរយៈជើងយន្ដហោះពិសេសនៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
កីឡាករ កីឡាការិនីទាំង៤ប្រភេទកីឡាសុទ្ធតែបានបង្ហាញការតាំងចិត្តដូចគ្នាដើម្បីប្រជែងយកមេដាយសម្រាប់ជាតិមាតុភូមិ។
ដោយឡែក ចំពោះប្រតិភូ និងអត្តពលិកប្រភេទកីឡាផ្សេងៗ គ្រោងនឹងចេញដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះវៀតណាម បានកំណត់ឲ្យទៅដល់ ២ថ្ងៃមុនការប្រកួត។
គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកសរុប៥៦០នាក់ទៅស៊ីហ្គេម លើកទី៣១នេះ ដែលជាចំនួនច្រើនជាងឆ្នាំណាទាំងអស់ ព្រោះគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍កម្ពុជា (CAMSOC) បានចាត់ទុកជាឆ្នាំយុទ្ធសាស្ត្រ មុនឆ្នាំ២០២៣ចូលមកដល់។
គួររំឭកថា ក្នុងការប្រកួតកាលឆ្នាំ២០១៩នៅហ្វីលីពីន កម្ពុជាទទួលបានមេដាយសរុប៤៦គ្រឿង, មាស៤, ប្រាក់៦ និងសំរឹទ្ធ៣៦គ្រឿង៕
ដោយគិរីដងរែក