29 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ស្រ្តីម្នាក់ដែលប្រើហិង្សាលើកុមារអាយុ៥ឆ្នាំ យ៉ាងព្រៃផ្សៃនៅខណ្ឌទួលគោក ត្រូវសមត្ថកិច្ចចាប់ខ្លួន

- Advertisement -spot_img

(ភ្នំពេញ)៖ ស្ដ្រីម្នាក់ដែលប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃ លើកុមារីអាយុ៥ឆ្នាំ នៅខណ្ឌទួលគោក ហើយត្រូវបានគេបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ដតាមនីតិវិធី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានឲ្យដឹងថា ស្ដ្រីដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សានេះឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៣ ផ្លូវ២១៩ ក្រុម២២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ខណៈកុមារីរងគ្រោះអាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនសង្ស័យឲ្យមើលថែកូនអាយុ២ឆ្នាំ ហើយករណីនេះបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

បន្ថែមពីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមថ្កោលទោសដាច់អហង្ការ មិនអាចទទួលយកបានដាច់ខាត់ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលបង្កឡើងដោយឈ្មោះ ចាន់ ធីតា។ ជាមួយគ្នានេះ ក.ជ.ក សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។

គណៈកម្មការការពារកុមារថ្នាក់ជាតិ បានអះអាងទៀតថា ករណីនេះបានធ្វើឲ្យមានក្តីរន្ធត់តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរក្រៃលែងចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើហិង្សាយ៉ាងព្រៃផ្សៃ អមនុស្សធម៌ ហើយយល់ឃើញថា អំពើនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិកុមារ ជាពិសេស សិទ្ធិទទួលបាននូវកិច្ចការពារ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃ ក.ជ.ក ដែលជាស្ថាប័នសម្របសម្រួលលើការងារសិទ្ធិកុមារ សូមអំពាវនាវ និងទទូចដល់សមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ស្ថាប័នតុលាការ សូមចាត់វិធានការតាមនីតិវិធីច្បាប់ ដែលមានជាធរមាន និងដាក់ទោសយ៉ាងតឹងរឹងបំផុតចំពោះជនសង្ស័យនេះ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិយើងបន្តទៀត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img