26 C
Phnom Penh
Wednesday, October 14, 2026
- Advertisement -spot_img

ស្ថានទូតចិនតាមរយៈឯកឧត្តម ឡាវ វ៉ាន់ គាំទ្រការកែលម្អសោភណភាពសាលាបឋមសិក្សាហ៊ុនសែនព្រៃទទឹង

- Advertisement -spot_img

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គឡានឆាង» នៅកម្ពុជា បានចុះពិនិត្យវឌ្ឍនភាពនៃការកែលម្អសោភណភាពអគារសិក្សា នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល និងការកែលម្អសោភណភាពនៅប៉ុស្តិ៍នគរបាលឃុំខ្ពប ដោយការកែលម្អទាំងពីរទីតាំងនេះទទួលបានជំនួយពីស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំខ្ពប។

ក្នុងឱកាសនោះ លោក ស៊ុ លេខ មេឃុំ ខ្ពប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឡាវ វ៉ាន់ និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការកែលម្អសោភណភាពអគារសិក្សាដោយការប្រក់ដំបូលទាំងស្រុងឡេីងវិញ ការបំពាក់ក្តារខៀនកញ្ចក់គ្រប់ថ្នាក់ ដើម្បីជួយបង្កើនភាពស្រស់ស្អាត និងលើកកម្ពស់បរិយាកាសសិក្សានៅក្នុងសាលា។

លោកមេឃុំបានបញ្ជាក់ថា ការគាំទ្រនេះមានសារៈសំខាន់ចំពោះសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះបរិស្ថានសិក្សាដែលមានសោភណភាព និងមានភាពទាក់ទាញ អាចជួយបង្កើនការចាប់អារម្មណ៍របស់សិស្សចំពោះការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យពួកគេមករៀន និងខិតខំសិក្សារៀនសូត្របានកាន់តែប្រសើរ។ លោកក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ថានទូតចិន និង ឯកឧត្តម ឡាវ វ៉ាន់ ដែលជានិច្ចកាលតែងបានជួយអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានឃុំខ្ពប ហេីយតំណាងអ្នកទទួលផល លោកមេឃុំបានប្តេជ្ញាចិត្តថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីផ្តល់ផលប្រយោជន៍យូរអង្វែងដល់សិស្សានុសិស្សជំនាន់ក្រោយ។ លោកមេឃុំបន្ថែមថា តាមរយៈការរួមបញ្ចូលគ្នារវាងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការលើកកម្ពស់វប្បធម៌អំណាន សាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង បាននិងកំពុងក្លាយជាឧទាហរណ៍មួយនៃការចូលរួមចំណែករបស់ស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឡាវ វ៉ាន់ រួមជាមួយ ដៃគូពាក់ព័ន្ធក្នុងការគាំទ្រការអប់រំជាមូលដ្ឋាន ហេីយកិច្ចសហការនេះក៏បានបង្ហាញពីសារៈសំខាន់នៃមិត្តភាពកម្ពុជា-ចិន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈវិស័យអប់រំ។

ការចុះពិនិត្យរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ មានគោលបំណងតាមដានវឌ្ឍនភាពនៃការកែលម្អបរិស្ថានសិក្សា និងសោភណភាពអគារសិក្សា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់លើការអភិវឌ្ឍសាលារៀន និងការលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារនៅតាមមូលដ្ឋាន ព្រមទាំង ជាការបន្តយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសោភណភាពសាលារៀន ការផ្តល់ធនធានសិក្សា និងការបង្កើតបរិយាកាសអប់រំប្រកបដោយគុណភាព ដែលលោកបណ្ឌិតយល់ថាជាការវិនិយោគដ៏មានតម្លៃសម្រាប់កុមាររស់នៅក្នុងឃុំខ្ពប ដែលជាចំណែកមួយនៃធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត។

គួររំលឹកថា កាលពីខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡាវ វ៉ាន់ និងលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមដាក់ឱ្យដំណើរការជាផ្លូវការនូវ «បណ្ណាល័យមេគង្គ-ឡានឆាង» ទី២ នៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលជាអំណោយរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC)។ ការបង្កើតបណ្ណាល័យនេះបានរួមចំណែកលើកកម្ពស់វប្បធម៌អំណាន ការផ្សព្វផ្សាយចំណេះដឹង និងការផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានធនធានសិក្សាបន្ថែម ដើម្បីពង្រីកចំណេះដឹង និងបណ្តុះទម្លាប់អានសៀវភៅតាំងពីវ័យកុមារ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img