(ប្រាយតុន)៖ ខ្សែបម្រើសញ្ជាតិហ្សំប៊ីរបស់ក្លិប Brighton & Hove Albion កីឡាករ Enock Mwepu បានបង្ខំចិត្តបញ្ចប់អាជីពលេងរបស់លោក ក្នុងវ័យត្រឹមតែ ២៤ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានបញ្ហាស្ថានភាពបេះដូងតំណពូជ។ នេះបើតាមក្លិបដែលលេងនៅលីគ Premier League បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
Brighton បានឲ្យដឹងថា ស្ថានភាពរបស់ Mwepu ត្រូវបានដាក់ស្ថិតក្នុងហានិភ័យខ្ពស់ ដែលអាចគាំងបេះដូងស្លាប់ ប្រសិនបើលោកបន្តលេងនៅក្នុងការប្រកួត។
Mwepu បានឈឺនៅអំឡុងពេលឈប់សម្រាកអន្តរជាតិនាពេលថ្មីៗនេះ នៅពេលដែលធ្វើដំណើរតាមយន្តហោះ ទៅចូលរួមជាមួយក្រុមជម្រើសជាតិហ្សំប៊ី ដែលលោកធ្វើជាប្រធានក្រុម។ បន្ទាប់ពីសម្រាកព្យាបាល នៅក្នុងប្រទេសម៉ាលី លោកបានវិលត្រឡប់ទៅកាន់ Brighton វិញ ដើម្បីធ្វើតេស្តបន្ថែមទៀត ដែលបង្ហាញពីស្ថានភាពសុខភាពរបស់លោក។
លោក Adam Brett ប្រធានផ្នែកឱសថ និងការប្រកួតរបស់ក្លិប Brighton បានលើកឡើងថា ក្លិបនឹងជួយ Mwepu ដើម្បីទទួលការព្យាបាល ដើម្បីគ្រប់គ្រងស្ថានភាពជំងឺរបស់លោក៕
ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




