21.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

សហរដ្ឋអាមេរិកចោទថា ចិនប្រើទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី នៅតៃវ៉ាន់ ជាលេសដើម្បីផ្លាស់ប្តូរស្ថានភាពដើម

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ លោក ឃើត ខេមប៊ែល (Kurt Campbell) ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុក កិច្ចការតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក របស់សេតវិមាន បានលើកឡើងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចិនបានបញ្ចេញប្រតិកម្មខ្លាំងហួសហេតុ ចំពោះទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ ហើយបានប្រើប្រាស់ដំណើរទស្សនកិច្ចនោះ ជាលេសមួយ ដើម្បីព្យាយាមផ្លាស់ប្តូរស្ថានភាពដើម នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។

លោក ខេមប៊ែល បានអះអាងថា ចិនបានបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ហើយសកម្មភាពរបស់ចិន នៅតែបន្តមានលក្ខណៈបង្កហេតុ, បង្កអស្ថិរភាព និងនៅក្នុងកម្រិតពុំធ្លាប់មានពីមុនមក ហើយលោកបានហៅវាថា ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធកាន់តែខ្លាំងឡើង ប្រឆាំងនឹងតៃវ៉ាន់។ មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះ បានបន្ថែមថា សកម្មភាពដាក់សម្ពាធនឹងមិនទាន់ចប់ឡើយ ដោយវានឹងបន្តលេចឡើង ក្នុងពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀត។

នាឱកាសនោះ លោក ខេមប៊ែល បានសង្កត់ធ្ងន់ជាថ្មីថា សហរដ្ឋអាមេរិកនឹងបន្តបញ្ជូនយន្តហោះ និងនាវាយោធាជាធម្មតា ឱ្យទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅប៉ុន្មានសប្តាហ៍ទៀត ហើយទីក្រុងវ៉ាស៉ីនតោន ក៏នឹងប្រកាសពីផែនការ សម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយតៃវ៉ាន់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានអះអាងថា ការគំរាមកំហែងផ្នែកយោធារបស់ចិន គឺមិនទាន់ថមថយនៅឡើយទេ បើទោះបីជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត របស់ទីក្រុងប៉េកាំង នៅជុំវិញដែនកោះនេះ ដែលជាការឆ្លើយតបមួយ ចំពោះទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ត្រូវបានបិទបញ្ចប់ទៅវិញក៏ដោយ៕

Nancy Pelosi
Zhao Lijian Foreign ministry of china

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img