ភូមិបណ្តែតទឹក «ព្រែកទាល់» ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រ ពី ចំណតទូកទេសចរណ៍ តំបន់ចុងឃ្លៀសក្នុងខេត្តសៀមរាប . គឺជាភូមិបណ្ដែតទឹក ដែលរងផលរំខាន់ ដោយសារកំប្លោកនេះ។ យើងអាចទៅដល់ភូមិនេះបាន តាមរយៈមធ្យោបាយតែមួយគត់ប៉ុណ្ណោះគឺជិះទូក។សហគមន៍នេះ តែងតែជួបឧបសគ្គ និងការលំបាកក្នុងការ ធ្វើដំណើរតាមទូក ដោយសារតែកំប្លោកមករាំងស្ទះផ្លូវ ទឹកជារៀងរាល់ឆ្នាំ ជាពិសេសនៅដើមរដូវវស្សា ខណៈទឹក ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ . ចាប់ផ្តើមហូរចាក់ចូលទៅ ក្នុងបឹងទន្លេសាប ដោយបាននាំទាំងកំប្លោកយ៉ាងច្រើនឥតគណនា មកបទចរាចរណតាមផ្លូវទឹក ក្នុងភូមិទាំងស្រុងតែម្តង។
ទោះយ៉ាងណា ឱកាសនៃការច្នៃប្រឌិត បាន កើតឡើងនៅទីនេះ ដោយអ្នកស្រី ឡេង រដ្ឋា កំពុងប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាឱកាស។ អ្នកស្រី រដ្ឋា រស់នៅក្នុងភូមិបណ្តែតទឹកព្រែកទាល់នេះ តាំងពីកុមារភាពមកម្ល៉េះ។ ឪពុកម្ដាយរបស់អ្នកស្រី គឺជាអ្នក នេសាទ។ ដោយទទួលបានការបំផុសគំនិតពីអង្គការ Osmose ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មាន បេសកកម្មលើកកម្ពស់ជីវិតរបស់ស្ត្រីនៅក្នុងសហគមន៍ជនបទ អ្នកស្រី រដ្ឋា ក៏ទទួលបានជំនាញតម្បាញ កម្រាល កន្ត្រក និងរបស់របរប្រើប្រាស់ផ្សេងៗ ទៀតពីកំប្លោក ពីអង្គការនេះ។



ដោយគិរីដងរែក




