VOAបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងជាថ្មីថា គម្រោងព្រែកជីកហ្វូណនដែលនឹង ត្រូវស្ថាបនាដោយក្រុមហ៊ុនចិននោះ មិនទាក់ទងនឹងរឿងភូមិសាស្ត្រនយោបាយ ដូចការរិះគន់មួយចំនួនឡើយ ។ លោក ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ។

RFI បានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានប្រកាសបើកភ្លើងខៀវឱ្យគណៈគ្រប់គ្រងសាលា អាចផ្អាកការបង្រៀនសិន ជាពិសេសនៅសាលាបឋមសិក្សា ប្រសិនបើ អាកាសធាតុក្ដៅខ្លាំង ចាប់ពី៤០អង្សាឡើងទៅ ។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដោយសារតែលោកឃើញការបង្ហោះរូបភាពដែលក្មេងៗសិស្សសាលាមួយចំនួន
កំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារតែរលកកម្ដៅ ។

VOAបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ អតីតមន្ត្រីជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បាន ភៀសខ្លួនទៅប្រទេសអូស្ត្រាលី ក្រោយលោករងការប្តឹងផ្តល់ពីគណបក្សប្រជាជនកម្ពុជា ។ តាមការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនោះ លោក ស៊ឹង សែនករុណា បានបង្ហាញពីក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ប្រជា ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានទទួលស្វាគមន៍ការមកដល់របស់លោកក្នុងប្រទេសអូស្ត្រាលី ។

RFIបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ ក្រុមសហជីពនិងអ្នកធ្វើការលើផ្នែកសិទ្ធិការងារ កាលពីព្រឹកថ្ងៃពុធ បានស្នើបញ្ឈប់ការ រឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីពឯករាជ្យធ្វើវិសោធនកម្មច្បាប់សហជីព និងពន្លឿនសំណើដែលពួកគ បានដាក់ទៅក្រសួងការងារកាលពីកន្លងទៅ ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ១ឧសភានេះ ក្រុមសហជីព និងអ្នក ចូលរួមរាប់រយនាក់បានលើកបដា ថ្លែងសាររបស់ពួកគេ និងដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ។

RFAបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development CO., LTD) របស់ឧកញ៉ា ទ្រី ដាលុច បន្តពង្រីកអាជីវកម្មរ៉ែដែកជិត ១០ កន្លែង នៅក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតំបន់ នោះ ។ ជុំវិញរឿងនេះ សកម្មជនបរិស្ថានព្រួយបារម្ភថា ការធ្វើអាជីវកម្មរ៉ែដែកនេះ នឹងធ្វើឲ្យផលប៉ះពាល់បរិស្ថាន និង សង្គមកាន់តែច្រើនឡើង ។

VOAបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពង់ចាម បានសម្រេចឃុំខ្លួនអនុប្រធាន គណៈ កម្មាធិការប្រតិបត្តិ និងជាចៅសង្កាត់រងទី២ នៅសង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម របស់គណបក្សភ្លើ ងទៀនលោក គង់ ថាវ៉េត នៅពន្ធនាគារបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរ ។ ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ច ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ថា មុនការបោះឆ្នោតជាតិ បោះឆ្នោតព្រឹទ្ធសភា និង ក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយរយៈពេលចុងក្រោយនេះ មានការ ចាប់ខ្លួនសកម្មជននយោបាយជា ច្រើន ដោយចោទពាក់ព័ន្ធនឹងករណីក្លែងឯកសារការប្រើប្រាស់ឯកសារក្លែង និងការផ្តល់សក្ខីកម្មដោយភូតកុហកជាដើម ។
RFA បានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ មន្ត្រីសង្គមស៊ីវិលបារម្ភពីសុវត្ថិភាពរបស់ពលករខ្មែរធ្វើការនៅប្រទេសថៃជាង២០ម៉ឺន នាក់ ដែលដល់ថ្ងៃផុតកំណត់ទិដ្ឋាការការងារ នៅថ្ងៃទី៣០ មេសា ។ ពួកគេស្នើដល់ក្រសួងការងារឲ្យជួយទាក់ទងភាគី ថៃ ដើម្បីសម្រួលដល់ការបន្តទិដ្ឋាការការងាររបស់ពលករខ្មែរ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យដដែលឲ្យដឹងទៀតថា ពល ករដែលផុតកំណត់ទិដ្ឋាការការងារ ត្រូវត្រឡប់មកកម្ពុជាវិញ ដើម្បីបន្តសុពលភាពហើយពលករអាចត្រឡប់ចូល ប្រទេសថៃវិញបានភ្លាមៗ ក្នុងករណីមានឯកសារគ្រប់គ្រាន់ ។

VOAបានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ ក្រុមអង្គការសង្គមស៊ីវិល សហជីព និងកម្មករ រាប់ពាន់នាក់ប្រារព្ធទិវាពលកម្មអន្តរជាតិ លើកទី១៣៨ ។ ពួកគេទាមទារឲ្យរដ្ឋាភិបាល បើកលំហសិទ្ធិសេរីភាពសហជីព និងគោរពសិទ្ធិមនុស្ស ព្រមទាំងស្តារ លទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីសហគមន៍អន្តរជាតិ ។

RFA បានចេញផ្សាយកាលថ្ងៃទី២ខែមេសា ឆ្នាំ២០២៤៖ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបង្កើតក្រុមការងារគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនឹងមិនអាចកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងបានទេ ប្រសិនបើមិនមាន ការអនុម័តច្បាប់ស្តីពីផលិតផលគ្រឿងស្រវឹងដើម្បីចាប់បង្ខំអ្នកផលិត និងអ្នកចែកចាយផលិតផលគ្រឿងស្រវឹងនោះ ។ ជុំវិញរឿងនេះ មន្រ្តីសង្គមស៊ីវិល ព្រួយបារម្ភថាចំណាត់ការរបស់រដ្ឋាភិបាលនេះនឹងគ្មានប្រសិទ្ធភាពដូចការបង្កើតគណៈកម្មការនានារបស់រដ្ឋាភិបាលនាពេលកន្លងទៅដោយសារតែម្ចាស់ក្រុមហ៊ុន ឬអ្នកនាំចូលស្រាបៀរភាគច្រើនជាអ្នកមានលុយ មានអំណាច ៕

ដោយគិរីដងរែក




