(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបង្ហាញបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ដែលជាកន្លែងព្យាបាលជំងឺកូវីដ១៩ ដ៏សំខាន់នោះ ទៅជាមន្ទីរពេទ្យឯកទេសខាងជំងឺមហារីក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៉ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-11.jpg)
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរពេទ្យហ្លួងម៉ែថ្ងៃក្រោយទៅ ខ្ញុំគិតថា អាចរៀបមន្ទីរពេទ្យនេះ ទៅជាមន្ទីរពេទ្យមហារីកតែម្តង។ ថ្ងៃមុន កូនស្ត្រីនិងកូនប្រសាររបស់ខ្ញុំ គេជាបណ្ឌិតសុខភាពសាធារណៈ គេសួរស្នើថា ពុកមន្ទីរពេទ្យហ្លួងម៉ែ គួរតែក្លាយជាមន្ទីរពេទ្យឯកទេសអ្វីមួយ ជាពិសេសមហារីក។ ខ្ញុំយល់ថាសមស្រប»។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-16-1024x682.jpg)
សម្តេចតេជោ មានប្រសាសន៍បន្តថា ឥឡូវនេះមហារីកមានច្រើនណាស់ ហើយការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ជាឯកទេសមហារីក ដើម្បីសម្គាល់ទីតាំងជាក់លាក់ នៃឯកទេសមួយនេះ។ សម្តេចអះអាងថា ចំពោះកន្លែងព្យាបាលជំងឺកូវីដ១៩ គឺកម្ពុជាកសាងមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ព្រែកព្នៅយ៉ាងធំមួយ មានជាង ១ម៉ឺនគ្រែ ដែលអាចសាងសង់រួចរាល់ នៅដើមឆ្នាំ២០២៣។
ចំពោះមុខ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការពិចារណាយកអ្នកជំងឺកូវីដ១៩ ចេញពីពហុកីឡដ្ឋានជាតិអូរឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែផងដែរ ខណៈដែលមន្ទីរពេទ្យហ្លួងម៉ែកំពុងបិទទ្វារ ដោយសារអ្នកជំងឺកូវីដ១៩ មានការថមថយជាខ្លាំង ដើម្បីប្រគល់ពហុកីឡដ្ឋាននេះ ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-19-1024x682.jpg)
បើតាមការបញ្ជាក់ពីសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ តួលេខអ្នកជំងឺកូវីដ១៩ របស់យើងនៅទូទាំងប្រទេសកម្ពុជា ដែលកំពុងសម្រាកព្យាបាលមានចំនួនតែ ៩៣នាក់ ក្នុងនោះមាននៅរាជធានីភ្នំពេញ មានតែ២៦នាក់ ដោយ៨នាក់ កំពុងប្រើអុកស៉ីសែនធម្មតា, អ្នកជំងឺប្រើម៉ាស៉ីនជំនួយដង្ហើមម្នាក់ និងក្នុងបន្ទប់ ICU ចំនួន៩នាក់។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-22-1024x682.jpg)
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានក្រាបបង្គំទូលថ្វាយលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយសម្ដេចម៉ែថា ចំពោះមុខមន្ទីរពេទ្យ បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លួងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-25-1024x682.jpg)
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការទិញមន្ទីរពេទ្យមួយនេះ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ (អ្នកឧកញ៉ា និងឧកញ៉ា) បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ៕
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-33-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-28_13-07-28-1024x682.jpg)
ដោយគីរីដងរែក