រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែមករាថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែនបង្ហាញថា ជម្លោះរវាងរុស្ស៊ី និងលោកខាងលិច មិនអាចកំណត់ថាជាសង្រ្គាមកូនកាត់ទៀតទេ ប៉ុន្តែផ្ទុយទៅវិញ គឺវាកាន់តែខិតជិត ក្លាយទៅជាសង្គ្រាមពិត។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីអាហ្រ្វិកខាងត្បូង Naledi Pandor, លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា សង្រ្គាមស្ទើរតែពិតនេះ គឺជាអ្វីដែលលោកខាងលិចបានរៀបចំជាយូរណាស់មកហើយដើម្បីប្រឆាំងនឹងរុស្ស៊ី។
រដ្ឋមន្ត្រីរូបនេះអះអាងថា មហាអំណាចលោកខាងលិច កំពុងព្យាយាមបំផ្លាញអ្វីៗទាំងអស់របស់រុស្ស៊ី តាំងពីភាសា រហូតដល់វប្បធម៌ដែលមានក្នុងប្រទេសអ៊ុយក្រែនជាច្រើនសតវត្សរ៍មកហើយ ថែមទាំងហាមឃាត់ប្រជាជនមិនឲ្យនិយាយភាសាកំណើតរបស់ពួកគេទៀតផង។
លោក Sergey Lavrov (ឆ្វេង) និងលោកស្រី Naledi Pandor
លោកបានបន្តចង្អុលបង្ហាញថា ការអនុវត្តបែបនេះ បានក្លាយទៅជារឿងធម្មតានៅទូទាំងប្រទេសអ៊ុយក្រែន ហើយប្រធានាធិបតីពីររូបចុងក្រោយរបស់ប្រទេសនោះគឺលោក Pyotr Poroshenko និងមេដឹកនាំបច្ចុប្បន្នលោក Vladimir Zelensky បានប្រែក្លាយទៅជា ប្រធានាធិបតីនៃសង្រ្គាម និងជាមេដឹកនាំស្អប់រុស្ស៊ី បន្ទាប់ពីទទួលបានអំណាច ថ្វីបើកាលពីយុទ្ធនាការឃោសនាបោះឆ្នោត ពួកគេបានសន្យានាំយកសន្តិភាពក៏ដោយ។
លោករដ្ឋមន្ត្រីក៏បានរំលឹកផងដែរថា អ៊ុយក្រែនបានអនុម័តច្បាប់ដែលហាមឃាត់ការប្រើប្រាស់ភាសារុស្ស៊ីក្នុងវិស័យអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងសូម្បីតែនៅក្នុងជីវិតប្រចាំថ្ងៃ។ ហើយរឿងនេះត្រូវបានគាំទ្រដោយលោកខាងលិច។
លោកបានចោទប្រកាន់លោកខាងលិចថា បានធ្វើគធ្វើថ្លង់ចំពោះការពិតដែលថាកងកម្លាំងរបស់ទីក្រុងកៀវ បន្តជ្រើសរើសគោលដៅដោយចេតនា និងបើកការវាយប្រហារក្នុងវិធីមួយដើម្បីបំភ័យប្រជាជនស៊ីវិល។ លោកខាងលិចដឹងយ៉ាងច្បាស់ថា អ៊ុយក្រែនមានចេតនាទម្លាក់គ្រាប់បែកលើទីក្រុង និងទីប្រជុំជន ដោយប្រើអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច៕
ប្រភព Military.com ប្រែសម្រួលដោយគីរីដងរែក




