32.9 C
Phnom Penh
Monday, February 2, 2026
- Advertisement -spot_img

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាទទួលអំណរឆ្នាំមមី បង្កើនសាមគ្គីភាព វប្បធម៌ និងសុវត្ថិភាពសហគមន៍

- Advertisement -spot_img

(សៀមរាប) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនPeacelandបានរៀបចំកម្មវិធីសង្គមនិងវប្បធម៌ រួមគ្នាចែករំលែកសេចក្តីសប្បាយរីករាយជាមួយសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងសហគមន៍មូលដ្ឋាន ក្នុងឱកាសអបអរសាទរទទួលអំណរ ឆ្នាំមមី ប្រពៃណីជនជាតិចិន ដោយមានគោលបំណងលើកកម្ពស់សាមគ្គីភាព វប្បធម៌មិត្តភាព និងការយល់ដឹងផ្នែកសង្គម។

លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPeaceland បានថ្លែងថា ក្នុងបរិយាកាសទទួលអំណរឆ្នាំថ្មី ឆ្នាំមមី ប្រពៃណីជនជាតិចិន សង្គមស៊ីវិលនៃប្រទេសយើងទាំងពីរបានរួមគ្នាជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកក្នុងការរៀបចំសកម្មភាពចម្អិនម្ហូបចិន ក្នុងនោះក៏មានរបៀបវេចខ្ចប់គាវផងដែរ។ លោក ហ៊ីង ហ៊ីម នាយកសាលាយល់ស្របថា កម្មវិធីនេះមិនត្រឹមតែបានផ្តល់ពីចំណេះដឹងពីម្ហូបចិនក្នុងឱកាសឆ្នាំថ្មីចិនប៉ុណ្ណោះទេ ថែមទាំងបានយល់ពីអត្ថន័យនៃវប្បធម៌ចែករំលែក និងសុខដុមនីយកម្មក្នុងសហគមន៍ទៀតផង។

ក្រោមកិច្ចសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងថា សង្គមស៊ីវិលកម្ពុជា-ចិនបានរៀបចំពិធីពិសារអាហារសាមគ្គីឆ្លងឆ្នាំដែលបានបង្កើតឱកាសល្អសម្រាប់ការប្រាស្រ័យទាក់ទង ការយល់ចិត្តគ្នា និងការពង្រឹងមិត្តភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ស្របនឹងបេសកកម្មរបស់ សង្គមស៊ីវិលកម្ពុជា-ចិនដែលបានផ្តើមពីឆ្នាំ២០១៨មក រួមចំណែកជាមួយអាជ្ញាធរមូលដ្ឋានក្នុងចរន្តនៃការអភិវឌ្ឍរបស់ស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោសែន។

ក្រៅពីកម្មវិធីខាងលើនេះ សង្គមស៊ីវិលកម្ពុជា-ចិន បានរួមគ្នាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុវត្ថិភាពសហគមន៍ ដោយបានសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងការផ្សព្វផ្សាយ និងអប់រំអំពីការបង្ការនិងការការពារខ្លួនពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនដល់សហគមន៍ និងសិស្សានុសិស្សជាង១០០រូបនៅសាលាបឋមសិក្សាតានី។ លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានី បានជម្រាបថា តាមរយៈបទបង្ហាញរបស់លោក ជួន មាឃ ប្រធានផ្នែកអប់រំនៃអង្គភាពទី៤របស់CMAC ពិតជាបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់ជីវិត ហើយបទពិសោធន៍មេរៀននាថ្ងៃនេះនឹងលើកទឹកចិត្តដល់សិស្សានុសិស្សនិងអង្គពិធីនាថ្ងៃនេះឱ្យក្លាយជាអ្នកផ្សព្វផ្សាយពុទ្ធិទាំងនេះបន្តទៅកាន់សហគមន៍មូលដ្ឋាន ហើយជាពិសេសជូនដល់ជនភៀសសឹកនៅពេលពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាត់ទុកកម្មវិធីនេះត្រូវបានចាត់ទុកថា ជាគំរូដ៏ល្អមួយនៃការរួមបញ្ចូលសកម្មភាពវប្បធម៌នៅក្នុងសហគមន៍ដែលសង្គមស៊ីវិលចិនកំពុងបំពេញបេសកកម្មរបស់ខ្លួន ជាគំរូបានផ្តល់សញ្ញាយ៉ាងច្បាស់ពីស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនួលខុសត្រូវសង្គមរួមចំណែកលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុវត្ថិភាពសហគមន៍នៅកម្ពុជា ព្រមទាំងពង្រឹងមិត្តភាពដ៏ប្រពៃរវាងប្រជាជន និងប្រទេសយើងទាំងពីរ កម្ពុជា-ចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img