32.4 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

វិនិយោគិន​ចិន​នៅ​តែ​នាំ​មុខ​គេ​សម្រាប់​គម្រោង​វិនិយោគ​​ទាំង​៤៤​មាន​ទឹក​ប្រាក់​ជិត​៤០០លាន​ដុល្លារ

- Advertisement -spot_img

វិនិយោគិន​មក​ពី​ប្រទេស​ចិន​នៅ​តែ​នាំ​មុខ​គេ​សម្រាប់​គម្រោង​វិនិយោគ​​ទាំង ៤៤ នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា ស្រប​ពេល​ដែល​វិស័យ​កាត់​ដេរ​​នៅ​តែ​ជា​វិស័យ​ដែល​មាន​ការ​វិនិយោគ​ខ្ពស់។ ក្នុង​ចំណោម​គម្រោង​ទាំង ៤៤ មាន​គម្រោង​ថ្មី​​​ចំនួន ៤១គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣គម្រោង។ គម្រោង​វិនិយោគ​ដែល​មាន​ទីតាំងស្ថិត​នៅ​ក្រៅ​តំបន់​​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ ៣១​គម្រោង ​និង​គម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន ១៣គម្រោង។

បើតាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេច​ធ្លោ​ជាង​គេនៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​គម្រោង​ពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​បោកគក់ ​ជ្រលក់​ពណ៌ ​និង​បោះ​ពុម្ព ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ក្រាំងទា​ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែល​មាន​ទុន​វិនិយោគ​បន្ថែម​ជាង ២១លានដុល្លារ។ ចំណែក​គម្រោង​លេច​ធ្លោ​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ គឺគម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ កោះកុង ចេជាង ​ក្នុង​ឃុំ​ជ្រោយស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគ​ចំនួន ១០០​លាន​ដុល្លារ​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៣១កន្លែង។ គម្រោង​លេចធ្លោ​មួយ​ទៀត​គឺ​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សារធាតុ​កែច្នៃ​ចំណី​អាហារ ​(Galatin) មាន​ទីតាំង​នៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ កោះកុង ចេជាង ក្នុង​ទុន​វិនិយោគ​ជាង ២៦លាន ដុល្លារ និង​អាច​បង្កើតការងារ​បាន​ចំនួន ១៩៤កន្លែង។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា៖ «ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០២៤ នេះ ការ​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​លេខ​រៀងទី​១ ដោយ​បាន​រួម​ចំណែក​ ៦៨,០៦ភគរយ​​នៃ​ទុន​វិនិយោគ​សរុប ខណៈ​ពេល​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្រប​ដណ្តប់ ​១៤,២៤​ភាគរយ​​នៃ​ទុន​វិនិយោគ​សរុប»។ សម្រាប់​ខែ​កក្កដានេះ វិស័យ​កាត់ដេរ​នៅ​តែ​វិស័យ​ទាក់​ទាញ​ក្នុង​ការ​វិនិយោគដែល​មាន ១០គម្រោង​ បន្ទាប់​មក​គឺ​វិស័យ​អគ្គិសនី​ដែល​មាន​ ៥ គម្រោង និង​ការ​វិនិយោគ​លើ​ផ្លាស្ទីក​មាន​ ៤ គម្រោង។

ចំពោះ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​កាត់​ដេរ​ច្រើន គឺ​​ដោយសារ​តែ​កម្ពុជា​នៅ​តែ​ទទួល​បាន​លក្ខខណ្ឌ​អនុគ្រោះ ក្នុង​នោះ​រួម​មាន​ទាំង EBA ទីផ្សារ​អឺរ៉ុប និង​ GSP ទៅ​សហរដ្ឋ​អាមេរិក ដែល​សុទ្ធ​តែ​ជា​ទីផ្សារ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ ​សម្ភារៈ​ធ្វើ​ដំណើរ និង​ស្បែងជើង​ពី​កម្ពុជា ក្នុង​តម្លៃ​ជា​ច្រើន​ពាន់​លាន។ ការ​វិនិយោគ​លើ​វិស័យ​កាត់​ដេរ នៅ​តែ​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ដោយសារ​តែ​វា​បង្កើត​ការងារ​បាន​ច្រើន​សម្រាប់​ពលរដ្ឋ​។​​ «ដូច្នេះ ការ​កើនឡើង​នៃ​ការ​វិនិយោគ​នេះ​ក៏ដោយសារ​តែ​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ចិន​និង​កម្ពុជា ក៏ដូចជា​ទំនាក់​ទំនង​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា​​ជាមួយ​ប្រទេស​បញ្ជាទិញ​ផលិតផល​របស់​កម្ពុជា តាម​រយៈ​ការ​គោរព​លក្ខខណ្ឌ​តម្រូវ​របស់​ប្រទេស​បញ្ជា​ទិញ។ ការ​បញ្ជា​ទិញ​ហាក់ដូច​មិន​អ្វី​ថម​ថយ​ទេ»៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img