31.9 C
Phnom Penh
Friday, October 2, 2026
- Advertisement -spot_img

លោកឧត្តមសេនីយ៍ទោ ហេង សុផល ចុះសួរសុខទុក្ខ និងឧបត្ថម្ភអតីតយុទ្ធជន ៧គ្រួសារ មុនឱកាសបុណ្យភ្ជុំបិណ្ឌ!

- Advertisement -spot_img

កំពង់ធំះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន បានដឹកនាំកងកម្លាំងចុះសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន ៧គ្រួសារ មុនឱកាសបុណ្យភ្ជុំបិណ្ឌ។ ការចុះសួរសុខទុក្ខនេះធ្វើឡើងនៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន «មរតកតេជោធិបតី ថ្លុកព្រីង» ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ទោ ហេង សុផល តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា អតីតយុទ្ធជនតែងតែទទួលបានការគិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់ និងក្រុមគ្រួសារ ជាពិសេសចំពោះអ្នកដែលបានលះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ច ក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ នាពេលកន្លងមក។ លោកស្នងការ បានបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអតីតយុទ្ធជននៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចងចាំចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ព្រមទាំងជាការចែករំលែកក្តីស្រឡាញ់ និងភាពកក់ក្តៅ ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានេះ លោកបានផ្តាំផ្ញើ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការរស់នៅស្អាត បរិភោគអាហារស្អាត មានអនាម័យ និងសម្អាតបរិស្ថានជុំវិញលំនៅឋានឱ្យបានស្អាតជាប្រចាំ ដើម្បីបង្ការជំងឺដែលបង្កឡើងដោយមូសខ្លា។

លោកស្នងការក៏បានអំពាវនាវឱ្យបងប្អូនបន្តចូលរួមថែរក្សាសន្តិភាព និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមរយៈការចូលរួមបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងបញ្ហាក្មេងទំនើង ព្រមទាំងចូលរួមថែរក្សាអនាម័យ សោភ័ណភាព និងបរិស្ថាននៅមូលដ្ឋាន។ លើសពីនេះ លោកស្នងការ បានផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រប់រូបភាពនៃការឆបោកតាមបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សាផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ក្នុងចូលរួមអនុវត្តអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភដល់អតីតយុទ្ធជនទាំង ៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន០១ បេ មីចំនួន ០២កេស នំចំនួន ០១ធុង ទឹកបរិសុទ្ធ និងថវិកាចំនួន ១០០,០០០រៀល។ ដោយឡែក មេភូមិទទួលបានថវិកាចំនួន ១០០,០០០រៀល ព្រមទាំងអ្នកចូលរួម និងកម្លាំងប្រជាការពារចំនួន ១៩នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ។ សរុបថវិកាចំនួន ២.១៦០.០០០រៀល ។ ជាការឆ្លើយតប លោក ធីវ ថាត តំណាងឱ្យអតីតយុទ្ធជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល និងប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ និងថវិកាមកឧបត្ថម្ភដល់ពួកគាត់៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img