នៅខាងក្រៅកិច្ចប្រជុំកំពូល G20 លើកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់សមភាគីអាមេរិកថា ប្រទេសចិនមិនមានចេតនាក្នុងការប្រកួតប្រជែងណាមួយ ឬផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ជាមួយសហរដ្ឋអាមេរិកនោះទេ ។
លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចប្រជុំរបស់គាត់ ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ថា “ប្រទេសចិនមិនស្វែងរកការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់ ឬការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះទេ ហើយក៏មិនមានចេតនាជំទាស់ ឬផ្លាស់ប្តូរសហរដ្ឋអាមេរិកផងដែរ” ។
លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងអាមេរិក មិនគួរជា “ល្បែងដែលភាគីម្ខាងមានប្រៀប ឬកេងចំណេញដោយការចំណាយ របស់ភាគីម្ខាងទៀតនោះទេ” ពោលជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក ។
លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលសហរដ្ឋអាមេរិកទទួលយកមូលធននិយម ប្រទេសចិនបានប្រកាន់យកសង្គមនិយម ហើយថា ភាគីទាំងពីរគួរតែគោរពភាពខុសគ្នានេះ និងមិនព្យាយាមកែប្រែគ្នាទៅវិញទៅមក ឬផ្លាស់ប្តូរប្រព័ន្ធរបស់ភាគីម្ខាងទៀតឡើយ ។
ជាចុងក្រោយ លោកប្រធានាធិបតីចិន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថាសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយលទ្ធិប្រជាធិបតេយ្យ ទល់នឹងអំណាចផ្តាច់ការ មិនមែនជាលក្ខណៈកំណត់នៃពិភពលោក សព្វថ្ងៃនេះនោះទេ វានៅតែជានិន្នាការ នៃគ្រប់សម័យកាល ៕

ប្រភព Anadolu Agency ប្រែសម្រួលដោយគីរីដងរែក




