ថ្ងៃទី១០ ខែតុលានេះ លោក អានុឆា អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាបានបញ្ជាឱ្យសមត្ថកិច្ចពន្លឿនការបង្រ្កាបគ្រឿងញៀន និងបង្រ្កាបជនល្មើសពាក់ព័ន្ធគ្រឿងញៀនគ្រប់រូបភាព ដើម្បីកសាងទំនុកចិត្តដល់ប្រជាជន ដែលអគ្គស្នងការនគរបាលជាតិបានឆ្លើយតបនឹងគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ដោយបានជំរុញការបង្ក្រាបគ្រឿងញៀន ដោយបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន បង្កើនការបង្រ្កាបនិងចាប់ខ្លួនជនល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ព្រមទាំងពង្រីកប្រសិទ្ធភាព និងប្រើវិធានការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងករណីគ្រឿងញៀន ការលាងលុយកខ្វក់ ប្រឆាំងនឹងជនល្មើសទាំងអស់ ព្រមទាំងតាមដាន និងនាំខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនមកទទួលការបន្សាប(កែប្រែ) ជាពិសេសនៅក្នុងសហគមន៍ គ្រឹះស្ថានអប់រំ ទីកន្លែងផ្តល់សេវាកម្ម និងកន្លែងអាជីវកម្ម ដោយសមត្ថកិច្ចបានឆ្មក់ចូលត្រួតពិនិត្យ ឡោមព័ទ្ធឆែកឆេរនៅក្នុងសហគមន៍ និងនៅក្នុងតំបន់ជាបន្តបន្ទាប់។
ទន្ទឹមគ្នានេះលោក អានុឆា ក៏បានលើកឡើងអំពីលទ្ធផលក្នុងការបង្រ្កាបគ្រឿងញៀនសម្រាប់ឆ្នាំ២០២២នេះថា រដ្ឋាភិបាល ការិយាល័យបង្ក្រាបគ្រឿងញៀន និងក្រសួងយុត្តិធម៌បានឆ្ពោះទៅមុខក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនដោយបានផ្តោតលើការរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀននៅឆ្នាំ២០២២បានរហូតដល់ជាង១ម៉ឺនលានបាត៕



ប្រែសម្រួលដោយគីរីដងរែក




