26.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោក Rishi Sunak សន្យាប្រកាន់ជំហរតឹងរ៉ឹងជាមួយចិន បើក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

- Advertisement -spot_img

(ឡុងដ៍)៖ លោក រីស៉ី ស៊ូណាក់ (Rishi Sunak) បានសន្យាថាលោកនឹងប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន ប្រសិនបើលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ចក្រភពអង់គ្លេស ដោយហៅកំពូលមហាអំណាចអាស៊ីមួយនេះថាជាការគំរាមកំហែងទី១ ដល់សន្តិសុខអង់គ្លេស និងសកល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

ការសន្យារបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើ ធ្វើឡើងបន្ទាប់ពីគូប្រជែងរបស់លោក គឺលោកស្រី លីស ត្រាស់ (Liz Truss) បានរិះគន់រូបលោកថាមានគោលជំហរ ទន់ខ្សោយចំពោះចិន និងរុស្ស៉ី និងក្រោយសារព័ត៌មានរដ្ឋចិន Global Times និយាយថាលោក ស៊ូណាក់ គឺជាបេក្ខជនតែម្នាក់គត់ដែលមានភាពប្រាកដប្រជា និងច្បាស់លាស់លើការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអង់គ្លេស។

យ៉ាងណាក៏ដោយ នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ស៊ូណាក់ផ្ទាល់បានរិះគន់ត្រង់ៗលើសកម្មភាពរបស់ ទីក្រុងប៉េកាំង លើទីក្រុងហុងកុង តំបន់ស៊ីនជាំង បញ្ហាសិទ្ធិមនុស្ស ព្រមទាំងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់លោក ស៊ី ជិនពីងផងដែរ ជាមួយការសន្យាប្រកាន់ ជំហរតឹងរ៉ឹងជាមួយចិន នៅពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស។

គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេស បាននិងកំពុងធ្វើឡើងដោយនៅសល់បេក្ខជនតែ២រូបប៉ុណ្ណោះ គឺលោក រីស៊ី ស៊ូណាក់ និងលោកស្រី លីស ត្រាស់ (Liz Truss) បន្ទាប់ពីលោក បូរីស ចនសុន (Boris Johnson) ត្រូវបានបង្ខំឱ្យចុះចេញពីអំណាច កាលពីថ្ងៃទី៧ ខែកក្កដា ដោយសារតែការលាលែងពីតំណែងយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់ក្រុមរដ្ឋមន្រ្តី ក្នុងជួររដ្ឋាភិបាលលោក។ លោក ចនសុន បាននិងកំពុងបន្តកាន់តួនាទី ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែជ្រើសបានអ្នកថ្មី មកជំនួសរូបលោកដែលអ្នកឈ្នះត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img