32.8 C
Phnom Penh
Tuesday, September 29, 2026
- Advertisement -spot_img

រុស្ស៊ីធ្វើតេស្តនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ

- Advertisement -spot_img

(មូស្គូ)៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រុស្ស៊ីកំពុងដំណើរការសាកល្បង នាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ ចំពោះមុខភាពតានតឹងកើនឡើង ជាមួយក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោក នីកូឡៃ យេវមេនូវ (Nikolai Yevmenov) បានប្រកាសឱ្យដឹងដូច្នេះថា «នាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះថា ចេណឺរ៉ាលីស្ស៊ីម៉ូ ស៊ូវ៉ូរូវ (Generalissimo Suvorov) កំពុងស្ថិតក្រោមការដាក់ដំណើរការ សាកល្បង»។

នាវាមុជទឹកថ្មីនេះ គឺជានាវាមុជទឹកបំពាក់មីស៊ីលផ្លោងទី៦ នៃត្រកូលនាវាមុជទឹក «បូរី (Borei)» របស់រុស្ស៊ី និងជានាវា ទី៣ នៃប្រភេទ Borei-A ដែលត្រូវបានដំឡើងសមត្ថភាពបន្ថែម។ នាវាមុជទឹក Borei-A នីមួយៗ អាចផ្ទុកមីស៊ីលផ្លោងបាលីស្ទិគ ដែលបាញ់ចេញពី ក្រោមផ្ទៃទឹក ឬហៅកាត់ថា SLBM ប្រភេទ ប៊ូឡាវ៉ា (Bulava) រហូតដល់១៦គ្រាប់ ហើយមីស៊ីលទាំងនេះ សុទ្ធតែអាចបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរបាន។

គួរបញ្ជាក់ថា ក្នុងខែតុលានេះ ទាំងរុស្ស៊ីនិងបក្សសម្ព័ន្ធយោធាលោកខាងលិច NATO សុទ្ធតែបានធ្វើសមយុទ្ធនុយក្លេអ៊ែរដូចគ្នា។ ដោយឡែក ក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតីរុស្សី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានប្តេជ្ញាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារប្រជាជននិងទឹកដី របស់ប្រទេសរុស្ស៊ី ជាសម្តីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាត់ទុកជា ការគំរាមប្រើប្រាស់ អាវុធនុយក្លេអ៊ែរ៕

ប្រភពRT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img