អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រទី២០ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺស្ថិតនៅចំណុចទាបបំផុត មិនធ្លាប់សោះ ចំពេលមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។
លោកបានបន្ថែមថា នៅពេលជម្លោះកាន់តែយ៉ាប់យ៉ឺន មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបាន គឺប្រទេសលោកខាងលិចត្រូវទទួលស្គាល់កំហុស និងផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ។
មន្ត្រីរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ថ្វីបើមានក្តីសង្ឃឹមដំបូងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិកនឹងភ្ជាប់ទំនាក់ទំនងការទូតជាមួយរុស្ស៊ីក៏ដោយ ប៉ុន្តែរយៈពេលពីរឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរគឺអាក្រក់បំផុត។ ឥឡូវនេះ ទំនាក់ទំនងប្រហែលជាស្ថិត នៅចំណុចទាបបំផុតជាប្រវត្តិសាស្ត្រហើយគ្មានសង្ឃឹមសម្រាប់ការ កែលម្អក្នុងពេលឆាប់ៗនេះទេ ។
យោងតាមលោក Peskov, អាល្លឺម៉ង់ បារាំង និងអ៊ុយក្រែន កំពុងលេងល្បែងបោកបញ្ឆោតជាមួយកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍។ ឥឡូវនេះជាពេលវេលាសងវិញហើយ។ លោកនិយាយបែបនេះ ដោយសំដៅលើផែនទីបង្ហាញផ្លូវសម្រាប់ការផ្សះផ្សាអ៊ុយក្រែន ដែលប្រទេសទាំងបីបានចុះហត្ថលេខាជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៥។
អតីតមេដឹកនាំ Angela Merkel, Francois Hollande និង Pyotr Poroshenko បាននិយាយថា កិច្ចព្រមព្រៀងដែលពួកគេចរចាជាមួយរុស្ស៊ី គឺចង់ផ្តល់ពេលវេលាដល់ទីក្រុងកៀវ ដើម្បីកសាងយោធារបស់ខ្លួនឡើងវិញ។
ទីក្រុងមូស្គូចាត់ទុកការទទួលស្គាល់ទាំងនេះ ថាជាភស្តុតាងបង្ហាញថា កិច្ចចរចាត្រូវបានធ្វើឡើងដោយជំនឿអាក្រក់ ហើយថារដ្ឋាភិបាលអ៊ុយក្រែន និងអ្នកគាំទ្ររបស់ខ្លួន តែងតែមានបំណងឲ្យកិច្ចព្រមព្រៀងទីក្រុង មីនស្កិ៍ បរាជ័យ និងឲ្យការប្រឈមមុខដាក់គ្នា Donbass ត្រូវបានដោះស្រាយដោយមធ្យោបាយយោធា៕



ប្រភព NY Times ប្រែសម្រួលដោយគីរីដងរែក




