បើយោងតាមប្រភពពត៌មានមួយបានប្រាប់ Sputnik ថា ប្រព័ន្ធខែលការពារដែនអាកាសជំនាន់ចុងក្រោយបង្អស់របស់រុស្ស៊ី Pantsir-SM នឹងត្រូវដាក់ប្រើប្រាស់ដើម្បីបំពេញបន្ថែមនៅក្នុងតំបន់នៃប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ ។
ប្រភពបាន និយាយថា “ប្រព័ន្ធបែបនេះនឹងអាចបាញ់ប្រហារលើយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលដែលបាញ់ដោយពួកសកម្មប្រយុទ្ធអ៊ុយក្រែន រួមទាំងប្រព័ន្ធ HIMARS របស់អាមេរិកផងដែរ ដោយសារតែប្រព័ន្ធ Pantsir-SM មួយគ្រឿងអាចបំពាក់ ដោយកាំជ្រួច មីស៊ីលរហូតដល់ ៤៨ គ្រាប់ឯណោះ” ។
ប្រភពបានប្រាប់ Sputnik ថា ប្រទេសរុស្ស៊ីគ្រោងនឹងសាកល្បងប្រើប្រាស់ប្រព័ន្ធ Pantsir-SM ដែលបំពាក់ដោយមីស៊ីលខ្នាតតូច នៅក្នុងតំបន់ប្រតិបត្តិការពិសេសសម្រាប់ការបំផ្លិចបំផ្លាញយន្តហោះដ្រូន និងប្រព័ន្ធមីស៊ីល Grad ជាដើម ។
គួរបញ្ចាក់ថា ប្រព័ន្ធការពារដែនអាកាស Pantsir-SM ថ្មីរបស់រុស្សី អាចចាប់គោលដៅចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈវាអាចកំណត់ គោលដៅយន្តហោះដ្រូននៅចម្ងាយឆ្ងាយ ជាងជំនាន់មុន ហើយមានពហុមុខងារក្នុងការតាមដានគោលដៅ និងរ៉ាដានាំមីស៊ីលផងដែរ ៕



ប្រភព NY Times ប្រែសម្រួលដោយគិរីដោយដងរែក




