រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានដាក់ឱសានវាទដល់អ៊ុយក្រែន។ នោះគឺឲ្យពួកគេបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ រួមទាំងការចុះចាញ់នៅទឹកដី ដែលរុស្ស៊ីកំពុងគ្រប់គ្រងនាពេលនេះផងដែរ បើមិនដូច្នេះទេកងទ័ពរុស្ស៊ីនឹងសម្រេចជោគវាសនារបស់អ៊ុយក្រែន។
មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយម្តងទៀតថា លោកបើកចំហចំពោះកិច្ចចរចាសន្តិភាពនោះ, លោក Lavrov បានប្រាប់ទីក្រុង កៀវ ថា ពួកគេគួរតែធ្វើតាមការចង់បានរបស់ទីក្រុងមូស្គូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Lavrov ថា “សំណើរបស់យើងសម្រាប់ការរំសាយកងទ័ព និងលុបបំបាត់មនោគមន៍វិជ្ជាក្នុងទឹកដីដែលគ្រប់គ្រងដោយរបបនេះ, ការលុបបំបាត់ការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ីដែលចេញពីទីនោះ រួមទាំងទឹកដីថ្មីរបស់យើងផងដែរ ត្រូវបានគេដឹងយ៉ាងច្បាស់។ រឿងគឺសាមញ្ញ៖ បំពេញការទាមទារទាំងនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកបើមិនដូច្នេះទេបញ្ហា នឹងត្រូវសម្រេចដោយកងទ័ពរុស្ស៊ី”។
នៅពេលសួរដោយសារព័ត៌មាន TASS ថាតើជម្លោះនឹងអូសបន្លាយពេលប៉ុន្មានទៀត? លោក Lavrov ឆ្លើយថា “បាល់គឺស្ថិតនៅខាងទីក្រុងកៀវ ហើយទីក្រុង វ៉ាស៊ីនតោននៅពីក្រោយនោះ”។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយជាថ្មីម្តងទៀតថា ទីក្រុងមូស្គូ បើកចំហចំពោះការចរចា ហើយបានស្តីបន្ទោសទីក្រុង កៀវ និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ចំពោះកង្វះកិច្ចពិភាក្សា៕



ប្រភព Tass News ប្រែសម្រួលដោយគីរីដងរែក




