26.6 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

រុស្សុីធ្វើតេស្តបាញ់មីសុីលបាលិស្ទីគអន្តរទ្វីបជោគជ័យ

- Advertisement -spot_img

នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រកាសថា ខ្លួនទើបទទួលជោគជ័យ ក្នុងការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ទំនើបមួយ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូ បានផ្អាកការចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិរុស្ស៉ីចេញសេចក្តីថ្លែងការណ៍ថា យោធារុស្ស៉ីបានបាញ់តេស្តដោយជោគជ័យ នូវមីស៉ីល ICBM មួយនោះ ចេញពីប្រព័ន្ធ ជើងទម្រចល័តលើដីគោក នៅមូលដ្ឋានធ្វើតេស្ត កាពូស្ទីន យ៉ា (Kapustin Yar) ខណៈក្បាលគ្រាប់សាកល្បងរបស់វា បានវាយប្រហារ ចំគោលដៅ ដែលស្ថិតនៅទីតាំងធ្វើតេស្ត សារី-សាហ្កាន (Sary-Shagan) ក្នុងប្រទេសកាហ្សាក់ស្ថាន ជាមួយភាពច្បាស់លាស់កម្រិតខ្ពស់។

កាលពីខែកុម្ភៈ ឆ្នាំនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា មីស៉ីលបាលិស្ទីគអន្តរទ្វីបប្រភេទថ្មីមួយ នឹងត្រូវដាក់ពង្រាយនៅក្នុងឆ្នាំនេះ។ មីស៉ីល Sarmat ឬ Satan 2 ជាមីស៉ីល ICBM ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បានច្រើន ហើយស្ថិតក្នុងចំណោមក្រុមមីស៉ីលជំនាន់ថ្មីរបស់ប្រទេសរុស្ស៉ី ដែលលោក ពូទីន ធ្លាប់បានពណ៌នាថា ជាអាវុធដែលគ្មានចំណុចខ្សោយ។

គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ លោក ពូទីន បានប្រកាសថា ទីក្រុងមូស្គូសម្រេចព្យួរការចូលរួមរបស់ខ្លួន ក្នុងសន្ធិសញ្ញា New START ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៉ីនិងអាមេរិក ខណៈកាលពីជិត៣សប្តាហ៍មុន លោកប្រធានាធិបតីរុស្ស៉ីបាននិយាយថា រូបលោកនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅបេឡារុសដែលជាប្រទេសជិតខាងនិងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ៕

ប្រភព Al Arabiya English ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img