រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman Al Saud បានបដិសេធមិនឆ្លើយសំណួរពីអ្នកសារព័ត៌មានរបស់ Reuters នោះទេ ពាក់ព័ន្ធនឹងការចុះផ្សាយអំពីការកាត់បន្ថយការផលិតប្រេងរបស់អង្គការ OPEC ។
ព្រះអង្គបានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការ OPEC ថា ទីភ្នាក់ងារព័ត៌មានដែលគាំទ្រលោកខាងលិចមួយនេះបានរាយការណ៍បំភ្លៃដល់ទៅ ២ ដងថា អង្គការ OPEC កំពុងសមគំនិតជាមួយរុស្ស៊ី ។ វាមិនត្រឹមត្រូវ ហើយមិនមែនជាការពិតឡើយ ។
ព្រះអង្គមានបន្ទូលទៀតថា “ខ្ញុំពិតជាសោកស្ដាយណាស់ ដែលខ្ញុំបានចំណាយពេលរហូតដល់ទៅ ២៥ នាទីដើម្បីពន្យល់ពីរឿងពិតទៅកាន់បុគ្គលិករបស់ Reuters ប៉ុន្តែរយៈពេល ២៥ នាទីដែលខ្ញុំបានចំណាយនេះគឺឥតប្រយោជន៍ទាំងអស់” ។
ទន្ទឹមនោះ មេដឹកនាំអង្គការ OPEC អង្គនេះមានបន្ទូលបន្ថែមទៀតទៅកាន់អ្នកសារព័ត៌មានលោក Alex Lawler ថា “ប្រសិនបើអ្នកមានសំណួរអ្វីទៀត សូមសួរទៅកាន់អ្នកផ្សេងទៀតចុះ ប៉ុន្តែសម្រាប់ខ្ញុំគឺមិននិយាយឡើយ ខ្ញុំមិននិយាយទៅកាន់សារព័ត៌មាន Reuters នោះទេ” ។
គួរបញ្ជាក់ថា សារព័ត៌មាន Reuters បានចុះផ្សាយកាលពីចុងខែកញ្ញាថា រុស្ស៊ីទំនងជានឹងស្នើឲ្យអង្គការ OPEC ដែលមានប្រទេសអារ៉ាប៊ីសាអូឌីតផងដែរនោះ កាត់បន្ថយទិន្នផលប្រេងប្រហែល ១ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែតុលានេះ ដើម្បីរក្សាតម្លៃឲ្យមានស្ថិរភាព បន្ទាប់ពីការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




