25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

រញ្ជួយដី​នៅវៀតណាម​រង្គើដល់ខេត្តរតនគិរី និង​បង្ក​ក្ដីបាម្ភ​​ពី​ការត្រៀមលក្ខណៈ​របស់​កម្ពុជា​សម្រាប់​គ្រោះមហន្តរាយ

- Advertisement -spot_img

រំញ័រ​ដី​តិចតួច​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃអាទិត្យ​មុន បន្ទាប់ពី​មាន​បាតុភូត​រញ្ជួយ​ដី​​កម្រិត៥,១​រិច្ឆទ័រមួយ​នៅខេត្ត​ក្បែរ​ខាង​ក្នុង​ប្រទេសវៀតណាម ដែលនាំ​ឱ្យ​​កើត​មានក្ដីកង្វល់​ក្នុងចំណោម​អ្នកស្រុក​អំពី​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍រញ្ជួយ​ដី​​ដែល​ស្រដៀង​គ្នា​នេះ ។​

សារព័ត៌មាន​ក្នុងស្រុករបស់វៀតណាម​បានរាយការណ៍​ថា វា​ជា​បាតុភូត​រញ្ជួយ​ដី​ដ៏ខ្លាំងក្លា​បំផុត​ដែល​មិន​ធ្លាប់​មានកត់ត្រា​ពីមុនមក​នៅក្នុង​តំបន់​នេះ ដោយ​ស្នូលកណ្ដាលនៃ​ការរញ្ជួយដី​នេះ​ស្ថិត​នៅក្នុង​ស្រុក​ជនបទ​មួយ​នៃតំបន់​កូនទុម និងមាន​ជម្រៅ​ ៨,១គីឡូម៉ែត្រ ។ នេះជាការរញ្ជួយដីមួយ​ដែលមាន​កម្រិត​ធ្ងន់​គួរសម ដោយ​ការរំញ័រ​ខ្លាំង​បំផុត​កើតឡើង​នៅ​ក្បែរ​តំបន់​ស្នូលកណ្ដាល ប៉ុន្តែ ពុំមាន​សេចក្ដី​រាយការណ៍​ពីការខូចខាត​ឡើយ ទាំង​នៅ​វៀតណាមក្ដី នៅ​កម្ពុជាក្ដី ។

ខណៈ​កម្ពុជា​ត្រូវបានគេចាត់ទុកថា​ជា​ប្រទេស​ដែលមាន​ហានិភ័យ​ទាប​ពី​ការវាយប្រហារត្រង់ៗ​ដោយ​គ្រោះ​រញ្ជួយ​ដី​ ផែនការសកម្មភាព​ឆ្លើយតប​គ្រោះមហន្តរាយរបស់​ប្រទេស​នេះ​ពុំ​មាន​វិធានការជាក់​លាក់​សម្រាប់​បាតុភូត​រញ្ជួយ​ដី​ឡើយ ។ ប្រជាពលរដ្ឋ​បានចាប់ផ្ដើម​សម្ដែង​ការព្រួយបារម្ភ​អំពី​អវត្តមាន​នៃ​ប្រព័ន្ធ​ប្រាប់​ឱ្យដឹង​មុន និង​ផែនការ​ឆ្លើយតប​ច្បាស់លាស់​ពីអាជ្ញាធរ​សម្រាប់​ព្រឹត្តិការណ៍​រញ្ជួយ​ដីដែល​ធ្ងន់ធ្ងរ​ជាងនេះ បើទោះបី​ទីភ្នាក់ងាររដ្ឋាភិបាល​បាន​បញ្ជាក់ពី​ភាពចាំបាច់​ដែល​ត្រូវ​លើក​កម្ពស់​ការ​យល់​ដឹង​ នៅក្រោយ​ករណី​រំញ័រ​ដី​កាលពីថ្ងៃអាទិត្យក្ដី ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (NCDM) ដែលជា​ទីភ្នាក់ងាររដ្ឋាភិបាល​មើលខុសត្រូវទៅលើ​ការត្រៀមលក្ខណៈ​​ ការឆ្លើយតប​ និង​កិច្ច​ខិតខំ​ស្ដារ​សម្រាប់​គ្រោះ​មហន្តរាយ បាន​លើកឡើង​ថា នេះជា​លើកទីមួយ​ហើយ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​រំញ័រដី​​​គួរ​ឱ្យ​កត់​សម្គាល់​ដែលជា​ចំហាយ​ពី​រញ្ជួយដី​នៅប្រទេសវៀតណាម ។​

លោកបានបន្ត​ថា ទោះបី​ការរញ្ជួយដី​មិន​បាន​កើត​នៅក្នុង​ប្រទេស​កម្ពុជា​ក្ដី រំញ័រ​​ដែល​កើត​ឡើង​ក្នុង​ចម្ងាយ​តិចជាង ២០០គីឡូម៉ែត្រ​ពី​ចំណុច​រញ្ជួយដី​ បង្ហាញថា ការរញ្ជួយដី​​ដែល​ចេញពី​តំបន់​ឦសាន​នៃ​ប្រទេសកម្ពុជា​មិនមែនថា​មិនអាចទៅរួចនោះ​ទេ ។

អង្គការ Global Earthquake Model Foundation ដែលជា​ស្ថាប័នជំនាញ​ខាង​វាយតម្លៃ​ហានិភ័យ​រញ្ជួញ​ដី​នៅជុំវិញពិភពលោក បាន​កំណត់​ខេត្ត​ភាគឦសាន​ប្រទេស​កម្ពុជា ជាពិសេស ខេត្ត​រតនគិរី និង​មណ្ឌលគិរី ជា​តំបន់ដែលពាក់ព័ន្ធ​នឹងរញ្ជួយដី​សកម្មបំផុត​នៅក្នុង​ប្រទេស​កម្ពុជា ។ ដោយសារតែស្ថានភាព​ថ្ម​របស់ខេត្តទាំងនេះ និង​ចម្ងាយរបស់វាជិតទៅនឹង​តំបន់​កូនទុម​ដែលងាយនឹង​កើត​រញ្ជួយ​ដី ខេត្តទាំងនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខេត្តដែល​ងាយរងគ្រោះបំផុត​ពី​ចលនាដី​ខ្លាំងក្លា​ក្នុង​ករណី​កើត​មាន​បាតុភូត​រញ្ជួយដី ។

ប៉ុន្តែ ទោះជាយ៉ាងណា កម្ពុជា​ត្រូវបានចាត់ទុកថាជា​ប្រទេស​ដែលមាន​ប្រូបាប៊ីលីតេ​ទាប​សម្រាប់​ការវាយប្រហារ​ដោយត្រង់ពី​រញ្ជួយ​ដី ។ យោងតាម ThinkHazard ជា​ឧបករណ៍អនឡាញ​សម្រាប់​វាយ​តម្លៃ​គ្រោះមហន្តរាយធម្មជាតិ និងដែលបង្កើត​ឡើង​ដោយ​កម្មវិធី​កាត់បន្ថយ​និង​ស្តារ​គ្រោះមហន្តរាយ​ពិភព​លោក ឱកាស​មានតែ ២% ប៉ុណ្ណោះ​សម្រាប់​ការកើត​បាតុភូត​រញ្ជួយដី​នៅក្នុង​ព្រំដែន​នៃប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥០ឆ្នាំទៅមុខ ។​

ទោះបីដូច្នេះក្ដី ការត្រៀមលក្ខណៈ ការឆ្លើយតប និងការស្ដារសម្រាប់​ខេត្ត​ដែល​មាន​លក្ខខណ្ឌ​រញ្ជួយដីសកម្ម​ក្នុងអំឡុងពេលព្រឹត្តិការណ៍រញ្ជួយដី ដូច​ករណី​រលក​រំញ័រដី​កាលពីសប្ដាហ៍​មុន ពុំមាន​លក្ខណៈ​ច្បាស់លាស់​ឡើយ ។

បន្ទាប់ពី​ផ្ដល់​សម្ភាសន៍ដំបូង​ជាមួយ​ គិរីដងរ៉ែកបន្ទាប់មក លោក គឹមកុលមុនី ពុំបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​បន្ថែម​អំពីថា​តើ​ NCDM មានផែនការដូចម្ដេចខ្លះ​ដើម្បី​ការពារប្រជាជន​ ឬ​ទប់ស្កាត់​ និង​គ្រប់គ្រង​ភាពចលាចល​ក្នុងអំឡុង​ពេលរញ្ជួយដី ។

បើទោះបី​តំបន់របស់ពួកគេ​មាន​លទ្ធភាពនៃការកើតមានរញ្ជួយដីផ្ទាល់​ទាបបំផុតក្ដី ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បានបង្ហាញ​ពីការយល់ដឹង​អំពី​សេណារីយ៉ូ​រញ្ជួយដីដ៏មហន្តរាយដែលអាច​កើត​មាន និង​បាន​ចោទ​សួរ​អំពី​ការត្រៀមលក្ខណៈ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img