ការធ្វើសមយុទ្ធហៅថា ដាវរួម (Joint Sword) គឺ យោធាចិនបានផ្តោតទៅលើ ការហាត់សមវាយប្រហារប្រឆាំងគោលដៅសំខាន់ៗ នៅកោះតៃវ៉ាន់ហើយនិងដែនទឹកជុំវិញនោះ។
កងទ័ពអាកាសចិន បានចល័តយន្តហោះយោធារាប់សិបគ្រឿង ឱ្យធ្វើដំណើរឆ្ពោះទៅរកតំបន់ ដែនអាកាសរបស់គោលដៅ ខណៈកងកម្លាំងជើងគោកបានហ្វឹកហាត់ សម្រាប់ការវាយប្រហារលើទីតាំងគោលដៅច្រើនក្នុងពេលព្រមគ្នា ហើយដោយភាពច្បាស់លាស់ខ្ពស់។ ខាងសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ឯណោះវិញ បាននិយាយថា ខ្លួនកំពុងតែ ឃ្លាំមើលសកម្មភាពរបស់យោធាចិន យ៉ាងដិតដល់ជាទីបំផុត។
គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមសមយុទ្ធយោធាខាងលើ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីបំពេញដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅតំបន់អាមេរិកកណ្តាល រួមនិងសហរដ្ឋអាមេរិក ដែលជាទីលោកស្រី បានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី។ ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន បានព្រមានយ៉ាងទទូចកុំឱ្យលោកស្រី សៃជួបលោកម៉ាកខាធី៕




ប្រភព The Guardian ប្រែសម្រួលដោយគិរីដងរែក




