ក្រុមហ៊ុនរុស្ស៊ី ប្រកាសផ្តល់ប្រាក់រង្វាន់ជាទីគាប់ចិត្ត ដល់ទាហាន ដែលកម្ទេចរថក្រោះរបស់ ណាតូបាន
ក្រុមហ៊ុនផលិតសារធាតុគីមីរបស់រុស្ស៊ី Fores បានប្រកាសផ្តល់រង្វាន់ដល់ទាហានរូបណា ដែលកម្ទេចរថក្រោះប្រយុទ្ធផលិតដោយប្រទេសលោកខាងលិច។
ដំណឹងនេះ កើតឡើងបន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន និងបែរឡាំងកាលពីសប្តាហ៍មុនបានអនុម័តការប្រគល់គ្រឿង សឹកធុន ធ្ងន់ ទៅឲ្យ ទីក្រុងកៀវ ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Ekaterinburg ក្នុងប្រទេសរុស្ស៊ីមួយនេះ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័ររបស់ខ្លួនកាលពីចុងសប្តាហ៍ថា “ទាហានរុស្ស៊ីរូបណាដែលកម្ទេច ឬចាប់បានរថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ ឬ Abrams របស់អាមេរិក នឹងទទួលបានរង្វាន់ជាសាច់ប្រាក់។ ក្រុមហ៊ុន Fores នឹងផ្តល់ប្រាក់ចំនួន ៥លានរូបិ៍ល ស្មើ ៧០៧០០ដុល្លារសម្រាប់ការកម្ទេចរថក្រោះមួយគ្រឿង”។
ក្រុមហ៊ុនបន្ថែមថា ប្រសិនបើអ៊ុយក្រែន ទទួលបានយន្តហោះចម្បាំង F-15 និង F-16 មែននោះ ក្រុមហ៊ុន Fores នឹងផ្តល់រង្វាន់ ១៥លានរូបិ៍ល (២១២ ១០០ដុល្លារ) សម្រាប់ការបាញ់ធ្លាក់យន្តហោះមួយគ្រឿង។
គួរបញ្ជាក់ជាថ្មី ទីក្រុងបែរឡាំង បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្គត់ផ្គង់ឲ្យទីក្រុងកៀវ នូវរថក្រោះ Leopard 2 ចំនួន១៤គ្រឿង ហើយអនុញ្ញាតឲ្យមានការចែកចាយរថក្រោះដែលផលិតដោយអាល្លឺម៉ង់ ពីសំណាក់ប្រទេសអឺរ៉ុបផ្សេងទៀត។
ចំណែកអាមេរិក ក៏បានសន្យាផ្តល់រថក្រោះ Abrams ចំនួន ៣១ គ្រឿងឲ្យអ៊ុយក្រែន ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី នៅតែប្រកាន់ខ្ជាប់ថាសព្វាវុធបរទេស នឹងធ្វើ ឲ្យជម្លោះជាមួយអ៊ុយក្រែនកាន់តែរីកធំ។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ដែរថា រថក្រោះលោកខាងលិចនៅអ៊ុយក្រែន នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់៕




ប្រភព RT ប្រែសម្រួលដោយគីរីដងរែក




