មនុស្ស១ក្រុមនាំគ្នាផឹកស៊ីរួចលេងល្បែង ឈានដល់កើតមានទំនាស់ពាក្យសម្តីហើយស្ត្រីជាជនសង្ស័យបានទាញដំបងវាយក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ត្រូវកម្លាំងនគរបាលស្រុកស្វាយលើ ចាប់ខ្លួន។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានករណីហិង្សា
កម្លាំងរបស់លោកបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ រ៉ឹម ចិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ពាក់ពន័្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលអោយមរណភាព) កើតហេតុនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣។
លោកអធិការស្រុកបន្ថែមថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមមានឈ្មោះ ធុច សារិ ភេទប្រុស អាយុ៥៥ឆ្នាំឈ្មោះរ៉ឹម ឈ្មោះ ចិន ភេទស្រី អាយុ៣៣ឆ្នាំ ឈ្មោះ វេត សៃ ហៅវ៉ៃ (ជនរងគ្រោះ) អាយុ៣១ឆ្នាំបានទៅលេងបៀរនៅផ្ទះរបស់ឈ្មោះ វឹម សាវិត និងប្ដីឈ្មោះ ញុក ណយ អ្នកទាំងប្រាំនាក់លេងបៀរផង ផឹកស្រាថ្នាំផង។ លុះដល់ម៉ោង២០និង៣០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះឈ្មោះ វេត សៃ (ហៅវ៉ៃ)បានជេរបញ្ចោទៅលើជនសង្ស័យឈ្មោះ រ៉ឹម ចិន។ ភ្លាមនោះក៏មានជម្លោះកើតឡើងបន្ទាប់មកឃ្នីគ្នាទាំងអស់នោះបានមកបំបែកតែជនរងគ្រោះមិនព្រមឈប់ជេរនៅតែរករឿងទើបជនសង្ស័យឈ្មោះ រ៉ឹម ចិន បានស្ទុះទៅយកបន្ទះខ្នងឈើជ្រុងដែលមានប្រវែង០១ម៉ែត្រទៅវាយចំក្បាលរបស់ជនរងគ្រោះពីលើផ្នែកខាងក្រោយបណ្ដាលឲ្យបែកប្រវែង០៤សង់ ទីម៉ែត្រ។បន្ទាប់មកជនរងគ្រោះបានទៅដេកលើឈើនៅមុខផ្ទះជនសង្ស័យចំណែកជនសង្ស័យក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ។
លុះព្រឹកឡើងវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ជនសង្ស័យក៏បានយកទឹកទៅលាងរបួសអោយជនរងគ្រោះដែលកំពុងដេកនៅមុខផ្ទះ ហើយក៏មិនបានចាប់អារម្មណ៍ លុះដល់ម៉ោង១៥និង០០នាទី
ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើបានរៀបចំសំណុះរឿងបបញ្ជូនខ្លួនជនសង្ស័យខាងលើទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ដោយគិរីដងរែក




