(សេអ៊ូល)៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នឹងជួបជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទាំងនាយករដ្ឋមន្រ្តីជប៉ុន កំលុងកិច្ចប្រជុំកំពូលអង្គការ NATO ដែលត្រូវរៀបចំឡើងនៅទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស៉្បាញ នាចុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំត្រីភាគីខាងលើនឹងជាជំនួបដំបូងបំផុត រវាងមេដឹកនាំនៃប្រទេសទាំង៣ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ប៉ុន្តែបើតាមមន្រ្តីដដែល លោក យូន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា ហាក់ទំនងជានឹងបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយគ្នាឡើយ។ ចំណែកបើតាមប្រភពពីមន្រ្តីរដ្ឋាភិបាលជប៉ុនវិញ លោក គីស៉ីដា, លោក យូន រួមជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបើកជំនួបត្រីភាគីនោះ នៅថ្ងៃទី២៩ ខែមិថុនា។
លោក យូន ស៊ុកយុល ដែលទើបស្បថឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំនេះ នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលទៅចូលរួមកិច្ចប្រជុំរបស់អង្គការ NATO បន្ទាប់ពី NATO បានអញ្ជើញកូរ៉េខាងត្បូង រួមទាំងជប៉ុន អូស្រ្តាលី និងនូវែលសេឡង់ ឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ក្នុងនាមជាដៃគូប្រចាំតំបន់ប៉ាស៉ីហ្វិក របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលថ្ងៃទី ២៩-៣០ ខែមិថុនា របស់ NATO នៅឯប្រទេសអេស៉្បាញ ត្រូវគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើវិបត្តិសង្រ្គាមអ៊ុយក្រែន ប៉ុន្តែលោក យូន ក៏គ្រោងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕
![](https://kiridangrek.com/wp-content/uploads/2022/06/photo_2022-06-26_19-15-05.jpg)
![](https://kiridangrek.com/wp-content/uploads/2022/06/photo_2022-06-26_19-17-45.jpg)
![](https://kiridangrek.com/wp-content/uploads/2022/06/photo_2022-06-26_19-17-59.jpg)
![](https://kiridangrek.com/wp-content/uploads/2022/06/photo_2022-06-26_19-18-02.jpg)
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក