25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

មកដឹង សមាសធាតុសំខាន់ក្នុងការជួសជុលប្រាសាទបុរាណ

- Advertisement -spot_img

រាល់ការជួសជុលសំណង់បុរាណ ដូចជាប្រាសាទកសាងពីថ្មភក់ សំណង់ឥដ្ឋ ឬក៏ថ្មបាយក្រៀមនោះទេ ក្រៅតែពីការធ្វើកំណាយស្រាវជ្រាវ ការពង្រឹងគ្រឹះឡើងវិញ ការស្វែងរកថ្មមកផ្គុំដាក់នៅទីតាំងដើម បំពេញថ្មថ្មីនៅតាមកន្លែងបាត់បង់ ឬខូចខាតដែលចាំបាច់នោះ “ការបិទបាយអ” នៅតាមចន្លោះប្រហោងថ្មដែលខូចខាត ឬបាត់បង់ និងនៅតាមមុខតំណក៏ជាកត្តាសំខាន់ដូចគ្នា ដើម្បីការពារការទឹកកុំឱ្យជ្រាបចូលបានតទៅទៀត។

អាជ្ញាធរជាតិអប្សរា លើកឡើងថា ក្រុមអ្នកជំនាញផ្នែកអភិរក្សសំណង់បុរាណ បានឱ្យដឹងថា រាល់សំណង់បុរាណទាំងឡាយ កាលណាទឹកហូរចូលគឺវាអាចបណ្តាលឱ្យគ្រឹះរបស់សំណង់ឆាប់ចុះខ្សោយ និងឈានដល់ការខូចខាត។ ដោយសារតែមើលឃើញកត្តាសំខាន់នៃការទប់ស្កាត់ទឹកមិនឱ្យជ្រាបចូលរចនាសម្ពន្ធនៃសំណង់នេះហើយ បានជានៅពេលជួសជុលឡើងវិញនូវសំណង់បុរាណនីមួយៗ អ្នកជួសជុលតែងយកចិត្តទុកដាក់បំផុត ទៅលើថ្មមួយចំនួន និងកន្លែងខ្លះ ដែលមិនល្អពេញលេញ ១០០ ភាគរយនោះ គឺតម្រូវឱ្យ បិទបាយអ នៅតាមចន្លោះប្រហោងនៅតាមទីតាំងដែលមានបញ្ហាជាចាំបាច់។

ក្រុមអ្នកបច្ចេកទេស បានឱ្យដឹងថា បិទភ្ជិតបាយអនៅតាមមុខតំណនៃសំណង់ ដើម្បីការពារហានិភ័យទាំងអស់ ដែលអាចកើតឡើង។

លោក ទក ធុល វ័យ៦១ឆ្នាំ ជាកម្មករជំនាញ មានប្រសាសន៍ថា វត្ថុធាតុដែលអាចយកមកផលិតជាបាយអបាន គឺត្រូវយកម្សៅថ្មបាយក្រៀម ម្សៅឥដ្ឋ កំបោរ និងខ្សាច់លាយជាមួយទឹកទៅតាមសមាសធាតុជាក់ស្តែង។ នៅពេលបិទ ឬបៀកវា ដើម្បីឱ្យជាប់រឹងមាំ គឺត្រូវដាក់ល្បាយកំបោរបាយអដុំគ្រើមៗជាមុន បន្ទាប់មកទើបបៀកកំបោរបាយអម៉ដ្ឋពីលើម្តងបន្តិចៗសង្កត់ឱ្យហាប់ណែនពេញចន្លោះប្រហោងនោះ ទើបមានគុណភាពមិនងាយទឹកជ្រាបចូល មើលទៅមិនទើសទាស់ភ្នែក ព្រមទាំងលើកសោភណ័ភាពសំណង់មួយកម្រិតទៀតផង។

គួរបញ្ជាក់ថា លោក ទក ធុល ធ្លាប់មានបទពិសោធន៍ធ្វើការងារជួសជុលប្រាសាទជាមួយបារាំងជាច្រើនឆ្នាំលើផ្នែកដាប់ឆ្លាក់ក្បាច់ និងលោកទទួលបានចំណេះដឹងផ្នែកផលិតកំបោរបាយអ និងបិទបាយអនេះ នៅច្រាំងកសិន្ធុខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បន្តពីអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជា៧ឆ្នាំមកហើយ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img