ក្រុម បាល់ទះ អង្គុយ ពិការ បុរស កម្ពុជា នឹង ប្រកួត ជា មួយ ក្រុម មីយ៉ាន់ម៉ា ក្នុង ព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេម លើក ទី ១១ ឆ្នាំ ២០២២ នៅ ប្រទេស ឥណ្ឌូនេស៊ី ដើម្បី ប្រជែង យក កំពូល តារាង ពូល។
កម្ពុជា ស្ថិត នៅ ក្នុង ពូល B ជា មួយ ប្រទេស មីយ៉ាន់ម៉ា និង ហ្វីលីពីន ខណៈ ពូល A មាន ប្រទេស ឥណ្ឌូនេស៊ី ថៃ និង ម៉ាឡេស៊ី។ សម្រាប់ ការ ប្រកួត បើក ឆាក ក្នុង ពូល ក្រុម បាល់ទះ អង្គុយ ពិការ កម្ពុជា បានឈ្នះ ក្រុម ហ្វីលីពីន ដោយ លទ្ធផល ៣សិត០ (២៥ – ៩, ២៥ – ៨, ២៥ – ១១)។ ចំណែក ក្រុម ថៃ បាន យក ឈ្នះ ម៉ាឡេស៊ី ដោយ លទ្ធផល ៣-០។
វេលា ម៉ោង ៩ ព្រឹក ថ្ងៃ នេះ ក្រុម បាល់ទះ អង្គុយ កម្ពុជា នឹង ប្រកួត ជា មួយ ក្រុម មីយ៉ាន់ម៉ា ដែល ជា ម្ចាស់ មេដាយ មាស អាស៊ាន ប៉ារ៉ាហ្គេម កាល ពី ឆ្នាំ ២០១៧ នៅ ប្រទេសម៉ាឡេស៊ី។ ការ ប្រកួត នេះ គឺ ជា ការ សង សឹក សម្រាប់ ក្រុម កម្ពុជា ពី ព្រោះ កាល ពី ឆ្នាំ ២០១៧ មីយ៉ាន់ម៉ា បាន ឈ្នះ មេដាយ មាស បន្ទាប់ ពី ឈ្នះ ក្រុម កម្ពុជា នៅ វគ្គ ផ្តាច់ ព្រ័ត្រ ដែល ពេល នោះ កម្ពុជា ទទួល បាន ត្រឹម មេដាយ ប្រាក់។
បន្ទាប់ ពី ការ ប្រកួត សន្សំ ពិន្ទុ ក្នុង ពូល ក្រុមលេខ ១ និង លេខ ២ នៃ ពូល នីមួយ ៗ ឡើង ទៅ វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ ដោយ ក្រុម លេខ ១ ក្នុងពូល A ត្រូវ ប្រកួត ជា មួយ ក្រុម លេខ ២ ក្នុង ពូល B ហើយ ក្រុម លេខ ១ ក្នុង ពូល B ត្រូវ ប្រកួត ជា មួយ ក្រុម លេខ ២ ក្នុង ពូល A ដើម្បី យក ក្រុម ឈ្នះ ទៅ ប្រកួត វគ្គ ផ្តាច់ ព្រ័ត្រ ដណ្តើម មេដាយ មាស ខណៈ ក្រុម ចាញ់ ប្រកួត គ្នា ដណ្តើម មេដាយ សំរឹទ្ធ៕

ដោយគីរីដងរែក




