28.7 C
Phnom Penh
Sunday, September 20, 2026
- Advertisement -spot_img

ពីសាលារៀនដល់សហគមន៍ រួមគ្នាសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន

- Advertisement -spot_img

(តាកែវ) ភូមិតានន ដែលត្រូវបានចាត់ទុកជាភូមិគំរូមិត្តភាពកម្ពុជា-ចិន បានក្លាយជាទីកន្លែងជួបជុំ និងផ្លាស់ប្តូដរវប្បធម៌ដ៏មានអត្ថន័យ ខណៈសហគមន៍មូលដ្ឋាន និងសាលារៀនបានរួមគ្នាសាទរបុណ្យសែនព្រះខែ ដែលជាប្រពៃណីដ៏សំខាន់របស់ប្រជាជនចិន ដើម្បីស្វែងយល់ពីអត្ថន័យនៃពិធីបុណ្យ និងបង្កើនការយល់ដឹងពីវប្បធម៌រវាងប្រជាជាតិទាំងពីរ។ កម្មវិធីនេះរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងមូលនិធិចិន Peaceland នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិតានន ដោយមានការចូលរួមពីលោក ប៉ាង សាម៉ឺឌី មេភូមិតានន ប្រជាជនរស់នៅក្នុងភូមិ លោក ង៉ែត សំអឿន នាយកសាលាបឋមសិក្សាអង្គកំនប់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ១០០នាក់។

លោក ប៉ាង សាម៉ឺឌី មេភូមិតានន បានរំលេចថា កម្មវិធីសាទរសែនព្រះខែប្រពៃណីជនជាតិចិនបានផ្តល់ឱកាសដល់ប្រជាជនក្នុងសហគមន៍ និងសិស្សានុសិស្សបានឈ្វេងយល់អំពីប្រវត្តិ និងអត្ថន័យនៃបុណ្យសែនព្រះខែ ដែលជាបុណ្យប្រពៃណីមួយដែលផ្តោតសំខាន់លើការជួបជុំគ្រួសារ ការចែករំលែក និងការជូនពរគ្នាទៅវិញទៅមក។ លោកបន្ថែមថា នេះជាលើកទី១ដែលប្រជាជនក្នុងភូមិបានទទួលឱកាស ចូលរួមជាមួយមិត្តភក្តិជនជាតិចិនក្នុងការផលិតនំព្រះខែ និងភ្លក្សរសជាតិនំព្រះខែបែបចិន។

ជាមួយគ្នានេះ លោក ង៉ែត សំអឿន នាយកសាលាបឋមសិក្សាអង្គកំនប់ បានបង្ហាញក្តីរីករាយចំពោះការដែលថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់សាលា បានទទួលបទពិសោធន៍ថ្មីតាមរយៈការចូលរួមសាទរបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន។ លោកបានបញ្ជាក់បន្ថែមថា សកម្មភាពបែបនេះអាចជួយឱ្យសិស្សានុសិស្សស្គាល់កាន់តែច្បាស់អំពីវប្បធម៌របស់ប្រទេសចិន តាមរយៈបទពិសោធន៍ជាក់ស្តែង មិនមែនត្រឹមតែតាមរយៈការសិក្សានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ។ វាក៏ជាឱកាសសម្រាប់សិស្សានុសិស្សកម្ពុជានិងនិស្សិតចិនបានរួមគ្នាភ្លក្សពីរសជាតិនំព្រះខែបែបចិន និងនំអន្សមបែបខ្មែរ។

ក្នុង​នាមទូតសុឆន្ទៈផ្លូវសូត្រ​ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ការរៀបចំសកម្មភាពសាទរបុណ្យសែនព្រះខែនៅភូមិតានន គឺជាសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងពីរ និងជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងពីវប្បធម៌ និងប្រពៃណីរបស់គ្នាទៅវិញទៅមក។

លោក Liu Wenzhi តំណាងមូលនិធិចិនPeacelandបានមានប្រសាសន៍ថា សកម្មភាពបែបនេះមិនត្រឹមតែចែករំលែក វប្បធម៌គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន។ ការនាំយកវប្បធម៌ពីសាលារៀនទៅកាន់សហគមន៍ និងការបើកឱកាសឱ្យប្រជាជនបានជួបជុំ និងចែករំលែកបទពិសោធន៍ជាមួយគ្នា គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការកសាងការយល់ចិត្ត និងមិត្តភាពរយៈពេលវែង។

លោកស្រី Li Ai តំណាងនិស្សិតចិនមកពីក្រុងធានជីងដែលសិក្សាភាសាខ្មែរបានថ្លែងដោយក្តីរំភើបថា ការរួមគ្នាសាទរបុណ្យសែនព្រះខែរវាងប្រជាជននៅភូមិតានន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងភាគីចិន បានធ្វើឱ្យពិធីបុណ្យប្រពៃណីមួយនេះក្លាយជាឱកាសនៃការជួបជុំ និងការផ្លាស់ប្តូរ។ ពីសាលារៀនដល់សហគមន៍ ពីសិស្សានុសិស្សដល់ប្រជាជនក្នុងមូលដ្ឋាន ព្រះចន្ទពេញវង់នៃបុណ្យសែនព្រះខែបានក្លាយជានិមិត្តរូបនៃការជួបជុំ ការចែករំលែក និងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img