នៅព្រឹកថ្ងៃសៅរ៍ ទី ២៧ ខែមករា ឆ្នាំ ២០២៤ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្នាក់ដឹកនាំគណបក្ស មានអនុប្រធានបក្ស អគ្គលេខាធិការ អគ្គលេខាធិការរង និងថ្នាក់ដឹកនាំជាច្រើនរូបទៀតបានចូលរួម ជាអធិបតីក្នុងពិធិបិទវគ្គបណ្តុះបណ្តាលស្តីពី “វគ្គបំប៉នថ្នាក់ដឹកនាំដើម្បីអនាគត-ជំនាន់ទី១” កម្មវិធីនេះបានធ្វើឡើងចំនួន ៦ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមមកពីបណ្តាខេត្តចំនួន១២ ខេត្ត និងរួមបញ្ចូលទាំងបុគ្គលិក នៅស្នាក់ការកណ្តាលមួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថា គណបក្សខ្មែររួបរួមជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺមានគោលបំណងដើម្បីជម្រុញឱ្យមានធនធានមនុស្សសកម្ម ជាពិសេសការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋានឱ្យទទួលបាននូវ សមត្ថភាពពេញលេញក្នុងការអនុវត្តការងារដឹកនាំមូលដ្ឋានឱ្យទទួលបានប្រសិទ្ធិភាព និងប្រសិទ្ធផលលខ្ពស់។
គណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ញឹក បុនឆៃ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានគិតគូយ៉ាងលម្អិត អំពីទិសដៅចម្បងរបស់គណបក្ស ជាពិសេស តាមរយៈនៃការអភិវឌ្ឍ ឬការធ្វើឱ្យប្រសើរឡើងនូវធនធានមនុស្សដែលសកម្មនៅក្នុងសង្គមជាតិ និងការយកចិត្តទុកដាក់ ការពារផលប្រយោជន៍សង្គមជាតិទាំងមូល។
គណបក្សខ្មែររួបរួមជាតិ នឹងបន្តបេសកម្មរបស់ខ្លួន ដោយបន្តការពង្រឹងធនធានមនុស្សតាមរយៈ វគ្គបណ្តុះបណ្តាល ដោយមានគ្រូឧទ្ទេសជំនាញៗ ក្នុងការបង្រៀន ហើយក៏បន្តតាមជំនាន់នីមួយៗ ឱ្យកាន់តែច្រើនឡើងៗថែមទៀត។ នៅក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី១នេះ ទទួលបានជោគជ័យតាមផែនការដែលបានត្រៀមទុក រួចក៏នឹងចាប់ផ្តើមបន្តជំនាន់ទី២ នៅថ្ងៃខាងមុខនេះ។
ជាចុងក្រោយនៃការបិទវគ្គបណ្តុះបណ្តាលជំនាន់ទី១នេះ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ក៏បានមានប្រសាសន៍បន្ថែម ដោយឱ្យថ្នាក់ដឹកនាំ ជាសិក្ខាកាម ខិតខំយកអ្វីដែលបានសិក្សារៀនសូត្រកន្លងមកនេះ យកទៀតអនុវត្តការងារនៅមូលដ្ឋានឱ្យបានល្អប្រសើរ ដោយគិតអំពីផលប្រយោជន៍ រួមជាធំ មិនថាផលប្រយោជន៍ គ្រួសារ សង្គម នឹងប្រទេសជាតិយើង។ លោកប្រធានក៏បានជូនពរដល់សិក្ខាកាមទាំងអស់ឱ្យត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយ សុខសុវត្ថភាព និងជួបតែពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំប្បីឃ្លៀងឃ្លាតឡើយ។
គណបក្សខ្មែររួបរួមជាតិ ! រួបរួមជាតិខ្មែរឈ្នះ ! រួមរួមជាតិទើបមានសន្តិភាពពេញលេញ!
ដោយគិរីដងរែក