24.5 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ពិតជានឹកស្មានមិនដល់មែន! ករណីចាក់ថ្មលុបទន្លេនៅខេត្តកំពង់ចាម តែមិនបានប៉ុន្មានផង ត្រូវអាជ្ញាធរខេត្តចាត់វិធានការឲ្យកាយចេញវិញ ឥឡូវនេះក៏បែកធ្លាយ រូបភាពការចាក់ដីលុបយកសមុទ្រនៅ ខេត្តកែប មួយកន្លែងទៀត ល្បីពេញបណ្តាញសង្គម និងផ្ទុះពេញបណ្ដាញសារព័ត៌មាន !

- Advertisement -spot_img

ថ្មីៗនេះល្បីពេញបណ្ដាញសង្គមនិងតាមបណ្ដាអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធករណីចាក់ថ្មលុបទន្លេនៅខេត្តកំពង់ចាម តែមិនបានប៉ុន្មានផងត្រូវបានអាជ្ញាធរខេត្តចាត់វិធានការឲ្យស្ដារនិងកាយថ្មនោះចេញវិញ។
ខណៈដែលមហាជនកំពុងតែទន្ទឹងរង់ចាំមើលថានៅពេលដែលអ្នកមានលុយនឹងមានអំណាច ស្រេកឃ្លាន រំលោភទន្ទ្រានចង់បានយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិឯកជននេះ? តើច្បាប់អាចដាក់ទោសទាន់ដល់កម្រិតណាមិនទាន់ចប់ផង!

ស្រាប់តែនៅខេត្តកែបឯណោះវិញ ក៏បែកធ្លាយ រូបភាពការចាក់ដីលុបយកសមុទ្រនៅ ខេត្តកែប មួយកន្លែងស្ថិតនៅក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ត្រូវបានមហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គម និងសារព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយជាបន្តរបន្ទាប់។

ក្រុមការងារអង្គភាពយើងបានចុះទៅដល់ទីតាំងកន្លែងដែលចាក់ដីរំលោភយកនៅថ្ងៃទី០១ ខែមីនាឆ្នាំ ២០២៤ នេះក៏ឃើញមានការដីចូលទៅក្នុងសមុទ្រប្រមាណ៧០ទៅ៨០ ម៉ែត្រពិតប្រាកដមែន! អង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅកាន់ លោក ប៊ុន យោង
ជាអភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃសាលាខេត្តកែប តាមរយៈ telegram ពាក់ព័ន្ធនិងករណីការចាក់ដីលុបចូលសមុទ្រនេះ តើទីតាំងដែលចាក់ដីរំលោភចូលក្នុងសមុទ្រ ខាងលើជាគម្រោងអភិវឌ្ឍន៍របស់ខេត្តឬមួយយ៉ាងណា?

ហើយបើជាការអភិវឌ្ឍតើមានការដឹងឮនិងមានច្បាប់គ្រប់គ្រាន់ដល់កម្រិតណា? លោក ប៊ុន យោង បានឆ្លើយថា÷(សម្រាប់ព័ត៌មានមួយចំនួនលោកអាចឆ្លើយត្រួសៗជូនអ្នកសារព័ត៌មានបានតែដោយឡែកបើអ្នកសារព័ត៌មានចង់ឃើញឯកសារ ត្រូវអញ្ជើញមកដល់រដ្ឋបាលខេត្តលោកនឹងបង្ហាញជូន)។

បន្ទាប់មកលោកក៏បន្តទៀតថា÷ទីតាំងដែលអ្នកសារព័ត៌មានឃើញមានការចាក់លុបដីចូលទៅក្នុងសមុទ្រនេះ គឺដោយផ្អែក លើផែនការអភិវឌ្ឍន៍របស់ខេត្ត ពីឆ្នាំ ២០២៣ ដល់ ២០៣០ លើការអភិវឌ្ឍន៍ឆ្នេរនៅក្នុងខេត្តកែប ស្របនឹងសំណើរបស់ក្រុមហ៊ុន ឧកញ៉ាទ្រីភាព បានធ្វើសំណើដើម្បីចូលរួមអភិវឌ្ឍន៍តំបន់ឆ្នេរតាមរយៈរដ្ឋបាលខេត្តទៅគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ ឆ្នេរនៅកម្ពុជា។ ហើយក៏ទទួលបានគោលការណ៍អនុញ្ញាត ពី គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជារួចហើយកាលពីឆ្នាំ ២០២៣ ។

លុះដល់អ្នកសារព័ត៌មានសួរថា÷តើអាចឱ្យអង្គភាពខ្ញុំស្នើសុំលិខិតអនុញ្ញាត របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានទេ? ដើម្បីផ្សព្វផ្សាយ ជូនមហាជន ក៏ដូចជាពលរដ្ឋនៅក្នុងខេត្តកែបឲ្យបានដឹង និងកុំឱ្យមានការភាន់ច្រឡំ ចំពោះរដ្ឋបាលខេត្តនិងមន្ត្រីជំនាញ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ដ៏ធំធេងសម្បើម និងមានតម្លៃមួយនេះ !

លោក ប៊ុន យោង ជាអ្នកនាំពាក្យនៃសាលាខេត្តកែប លើកឡើងថា ពាក់ព័ន្ធនឹងឯកសារ និងលិខិតអនុញ្ញាតរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជានេះ នៅក្នុងក្របខណ្ឌអាជ្ញាធរគឺបានដឹងនឹងមានអស់ហើយ តែបើអ្នកសារព័ត៌មានចង់ដឹងអញ្ជើញមកកាន់រដ្ឋបាលខេត្ត ព្រោះឯកសារនេះ យើងមិនអាចបង្ហោះជាសារធារណៈបានទេ វាជាឯកសាររដ្ឋបាល ដូច្នេះបើអ្នកសារព័ត៌មាន ចង់ដឹង អាចអញ្ជើញមកឬក៏ឲ្យក្រុមការងារមកមើលបាននៅរដ្ឋបាលខេត្ត។លុះដល់អង្គភាពសារព័ត៌មានយើង ឲ្យភ្នាក់ងារចុះទៅជួបលោក! លោកបែរជាឆ្លើយថាៈ ជាប់រវល់ប្រជុំហើយមិនបាច់មកនោះទេ បន្តិចទៀតរដ្ឋបាលខេត្តនិងចេញសេចក្តីបំភ្លឺហើយ។



ពាក់ព័ន្ធនឹងករណីចាក់ដីលុបចូលសមុទ្រនៅក្នុងទឹកដីខេត្តកែប ដែលមហាជនក៏ដូចជាពលរដ្ឋកំពុងតែគេមានការងឿងឆ្ងល់ ថាខេត្តកែបលុបសមុទ្រនេះធ្វើអ្វីឱ្យពិតប្រាកដ? អង្គភាពយើងគ្មានចេតនាណាក្រៅពីការចូលរួមចំណែកជាមួយនឹងរដ្ឋបាលខេត្តកែបក្នុងការផ្សព្វផ្សាយព័ត៌មាននៃការអភិវឌ្ឍន៍នៅក្នុងទឹកដីខេត្តកែបតែប៉ុណ្ណោះ ដើម្បីបញ្ជៀសនៅការភាន់ច្រឡំ ពីសំណាក់មហាជនក៏ដូចជាអ្នកលេងបណ្ដាញសង្គមដែលតែងតែលើកឡើងថាៈ តើខ្វះកន្លែងអភិវឌ្ឍន៍ណាស់ទៅឬបានជាទៅលុបសមុទ្របែបនេះ។
ចំណុចមួយទៀតដែលមហាជនតែងតែលើកឡើងថាៈ គ្មានអ្នកក្រឯណាទៅលុបសមុទ្រ លុបទន្លេនោះទេ គឺមានតែអ្នកមានលុយនិងមានអំណាចតែប៉ុណ្ណោះ!

នៅត្រង់ចំណុចនេះហើយទើបអង្គភាពសារព័ត៌មានយើងចង់ចូលរួមលើកកម្ពស់មុខមាត់ជូនអ្នកមានលុយមានអំណាចកុំឲ្យមានការភាន់ច្រឡំពីសំណាក់មហាជន។ ប្រសិនបើជារដ្ឋបាលខេត្តមានគម្រោងនិងទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ហេតុអ្វីមិនលើកស្លាកផ្ទាំងប៉ាណូបង្ហាញជូនសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកែបឲ្យបានដឹងផង ថាការអភិវឌ្ឍន៍ នៅតំបន់នោះមានទំហំទទឹងប៉ុន្មានម៉ែត្រ បណ្ដោយប៉ុន្មានម៉ែត្រ? ឬ មួយអភិវឌ្ឍន៍តែមួយចន្លោះដែលបាំងស័ង្កសីខៀវ នោះទេ? ហើយបើរដ្ឋបាលខេត្តពិតជាស្អាតស្អំដូចសេចក្តីបំភ្លឺព័ត៌មាន មែន? ម្ដេចមិនបង្ហាញ និងលើកស្លាកដាក់នៅចំណុចទីតាំងដែលចាក់ដីលុបសមុទ្រនោះទៅដើម្បីកុំឲ្យមហាជនមានការភាន់ច្រឡំ និងដាក់ការសង្ស័យ។

សូមរង់ចាំតាមដាននិងទស្សនាបន្តទៀតជាមួយសារព័ត៌មានគិរីដងរែកយើងខ្ញុំថា តើការចាក់ដីចូលសមុទ្រនៅក្នុងខេត្តកែបនេះជាគម្រោងដែលមានការអនុញ្ញាតត្រឹមត្រូវពីគណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដើម្បីប្រយោជន៍សាធារណៈ ឬ រដ្ឋបាលខេត្តកែបធ្វើដើម្បីប្រយោជន៍បុគ្គលអ្នកមានលុយនឹងមានអំណាចតែប៉ុណ្ណោះនោះទេ?

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img