ខណៈពេលដែលពលរដ្ឋកំពុងនាំគ្នាតវ៉ាជាច្រើនម៉ោង ក្រុមគ្រឿងចក្រកាយដីនិងរថយន្តដឹកដី ច្រើនគ្រឿងនៅតែសម្រុកកាយនិងដឹកអាចម៍ដីចេញពីស្រែពួកគាត់នៅចំណុចអាងភាសនេះ ដោយមិនខ្វាយខ្វល់នឹងការតវ៉ាប្រជាពលរដ្ឋនោះឡើយ ។
ប្រជាពលរដ្ឋមានដីស្រែនិងលំនៅដ្ឋាននៅចំណុចអាងភាសប្រមាណជិត១០០នាក់ក្នុង ចំណោមជាង២០០គ្រួសារបាននាំគ្នាទៅតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយអាចម៍ដីក្នុងស្រែ ពួកគាត់ និងទាមទាឱ្យអាជ្ញាធរកាត់ឆ្វៀលដីឱ្យពួកគាត់បានកាន់កាប់ស្របច្បាប់នាព្រឹកថ្ងៃ ទី១៥ ខែ សីហា។

ការតវ៉ារបស់ប្រជាពលរដ្ឋនេះក្រោយពីអាជ្ញាធរខេត្តបាត់ដំបងបានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរចូលកាយអាចម៍ដីជំហានដំបូង លើដីស្រែប្រជាពលរដ្ឋនៅចំណុចអាងភាស ស្ថិតនៅ ភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទំហំ១០០ហិកតា និងជម្រៅបួនម៉ែត្រ សិន ក្នុងគម្រោងស្តារអាងភាសជាង១ពាន់ហិកតា ដើម្បីស្តុកទឹកសម្រាប់ប្រជាពលរដ្ឋ ប្រើ ប្រាស់ របស់ក្រសួងធនធានទឹកនិងឧត្តុនិយម។
សូមបញ្ជាក់ថាកាលពីខែមីនា ឆ្នាំ២០២២ តំណាងប្រជាពលរដ្ឋ២៤០គ្រួសារ រស់នៅចំណុច អាងភាសស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបងក៏ធ្លាប់បានដាក់លិខិត សុំអន្តារគមន៍ ពីតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ពីអភិបាលខេត្តបាត់ដំបង ឱ្យជួយបញ្ឈប់ក្រុមហ៊ុនប្រើគ្រឿងចក្រកាយអាចម៍ដីលើដីស្រែរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨៣មក ។
ប្រជាពលរដ្ឋបញ្ជាក់ថាដីចំណុចអាងភាសនេះតាំងពីជំនាន់ប៉ុលពត គឺត្រូវបានត្រៀមធ្វើជា អាងសម្រាប់ស្តុកទឹក ក៏ប៉ុន្តែជាក់ស្តែងបន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះគឺអាជ្ញាធរ មូលដ្ឋានភូមិឃុំបានបែងចែកឱ្យប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៣ ដោយបានកាន់កាប់និង អាស្រ័យផលដល់បច្ចុប្បន្ន។

លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបង បានបញ្ជាក់ថា អាជ្ញាធរបានឱ្យ ក្រុមហ៊ុនឯកជនប្រើគ្រឿងចក្រកាយតែលើដីដែលប្រជាពលរដ្ឋមិនអាស្រ័យផលតែប៉ុណ្ណោះ ចំណែកដីប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ២២គ្រួសារស្មើរនឹងជាង៣០ហិកតា គឺមិនបាន កាយនោះទេ គឺរង់ចាំដោះស្រាយពេលក្រោយ ។ ចំណែកពលរដ្ឋដែលរស់នៅលើខ្នង អាងភាស និងរ៉បមាត់ស្ទឹងជិត២០០គ្រួសារនោះ អាជ្ញាធរមិនទាន់មានគម្រោងណាមួយ ឱ្យពលរដ្ឋចាកចេញនៅឡើយទេ ។
ទោះបីយ៉ាងណាលោកអភិបាលស្រុកបានបញ្ជាក់ថា តាមគាត់ឃើញគម្រោងរបស់ ក្រសួងធនធានទឹក នឹងមានការស្តារអភិវឌ្ឍន៍អាងភាសនេះទាំងមូល១៩០០ហិកតា តែរង់ចាំ គម្រោងចេញសិនទើបដឹងច្បាស់ថាគេត្រូវអភិវឌ្ឍន៍យ៉ាងម៉េច? នៅពេលឆាប់ៗខាងមុខនឹងដឹងទាំងអស់គ្នាហើយ។
លោក សុខ លូ បានបញ្ជាក់ថា៖ «គាត់សុំឆ្វៀលចេះតែសុំទៅ តែវាជាដីរបស់រដ្ឋគ្រប់គ្រងដោយមន្ទីរធនធានទឹកផ្ទាល់ ឆ្វៀលដីជូនគាត់ម៉េចកើត វាមិនដូចដីតំបន់ ពីរតំបន់បី ដែលអាចកាត់ឆ្វៀលបាននោះទេ វាខុសគ្នា»។
ដោយឡែកអង្គភាពសារព៏ត៌មានគីរីដងមិនអាចទាក់ទង លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបាត់ដំបងបានទេ៕




ដោយគីរីដងរែក




