កៀវ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ ក្នុងថ្ងៃសុក្រទី១៨ ខែវិច្ឆិកានេះ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែសរ៉េស បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានពិភាក្សាអំពីអនាគត នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ និងវិធីកែលម្អផលប៉ះពាល់របស់វា ទៅលើប្រទេសអភិវឌ្ឍន៍តិចតួច។
អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក លោក Farhan Haq បានបញ្ជាក់ថា ទាក់ទងនឹងការពិភាក្សារបស់មេដឹកនាំទាំងពីរ ចំណុចជាមូលដ្ឋានគឺថា យើងចង់ធ្វើឱ្យប្រាកដថា ប្រភេទនៃជំនួយស្បៀង ដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់សមុទ្រខ្មៅ តាមរយៈគំនិតផ្តួចផ្តើមនេះ គឺមិនត្រឹមតែអាចជួយបន្ធូរបន្ថយតម្លៃស្បៀងអាហារពិភពលោក ដែលមានសារៈសំខាន់ប៉ុណ្ណោះទេ តែថែមទាំងអាចផ្តល់ជំនួយសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចទៀតផង។
ប៉ុន្តែលោក Haq មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ លោក ហ្គូដទែរ៉េស ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្វាគមន៍ការបន្ត នៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ សម្រាប់រយៈពេល ១២០ថ្ងៃទៀត។
គួរបញ្ជាក់ថា រយៈពេលដំបូងនៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ដែលសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ គឺមានរយៈពេល ១២០ថ្ងៃ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នា ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពន្យារពេលកិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិ និងជី ពីកំពង់ផែសមុទ្រខ្មៅ សម្រាប់រយៈពេល ១២០ថ្ងៃទៅមុខទៀត៕




ប្រែសម្រួលដោយគីរីដងរែក




