លោក អេឡុនម៉ាសបានជាប់ក្នុងការប៉ះទង្គិចគ្នានៅលើTwitter ជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀហ្សេលេនស្គី បន្ទាប់ពី មហាសេដ្ឋីបច្ចេកវិជ្ជារូបនេះបានបង្ហោះសំណើដ៏ចម្រូងចម្រាស ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ។
នាយកប្រតិបត្តិក្រុមហ៊ុនTesla ដែលកាលពីថ្ងៃអង្គារបានធ្វើឱ្យរស់ឡើងវិញនូវកិច្ចព្រមព្រៀងតម្លៃ ៤៤ ពាន់លានដុល្លារដើម្បីគ្រប់គ្រង Twitter បាននិយាយនៅក្នុង Tweet ថាដើម្បីឈានដល់សន្តិភាពរុស្ស៊ី គួរតែត្រូវបានអនុញ្ញាត ឱ្យរក្សាទុកឧបទ្វីប គ្រីមេដែលខ្លួន ដណ្តើមបានក្នុងឆ្នាំ២០១៤ ។ គាត់ក៏បាននិយាយដែរ ថាអ៊ុយក្រែនគួរតែប្រកាន់យកស្ថានភាពអព្យាក្រឹតដោយទម្លាក់ចោលការសុំចូល រួមជាមួយអង្គការណាតូ បន្ទាប់ពីរុស្ស៊ីកេណ្ឌទ័ពថ្មី ។
លោក ម៉ាស ក៏ បានឆ្លងហួសបន្ទាត់ក្រហមសម្រាប់អ៊ុយ ក្រែន និងអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយលើកឡើងកាលពីថ្ងៃចន្ទ ថាតំបន់ ចំនួនបួន ដែលរុស្ស៊ី នឹងកាត់យកបន្ទាប់ពីការធ្វើប្រជាមតិ រៀបចំដោយវិមានក្រឹមឡាំង ដែលថ្កោលទោសដោយលោកខាងលិចថាជាការក្លែងបន្លំនោះគួរតែរៀបចំការបោះឆ្នោតប្រជាមតិឡើងវិញដែលរៀបចំដោយអង្គការសហប្រជាជាតិ ។
លោក ម៉ាសបានកត់សម្គាល់ថាតំបន់គ្រីមេគឺជាផ្នែកមួយនៃប្រទេសរុស្ស៊ីរហូតដល់វាត្រូវបានប្រគល់ឱ្យអ៊ុយក្រែន នៅក្រោមសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ហើយលោកបាននិយាយថាសង្គ្រាម ទឹកចុងក្រោយ នឹងមិនទំនងជាឈ្នះ ទៅខាងអ៊ុយក្រែននោះទេ ។
ជំហរទាំងនេះ គឺជារឿងបង្កការក្តៅក្រហាយណាស់សម្រាប់លោកហ្សេលេនស្គី ដែលចាត់ទុកជំហរទាំងនោះថាគាំទ្រ វិមានក្រឹមឡាំង ។ មេដឹកនាំអ៊ុយក្រែនបានសន្យាថានឹងយក ដីទាំងអស់ ដែលដណ្តើមបានក្នុងសង្គ្រាមមកវិញ ហើយចាត់ទុកគ្រីមេជាទឹកដីរបស់អ៊ុយ ក្រែន ដែលត្រូវដណ្តើមយកមកវិញផងដែរ ។
លោកម៉ាស ក៏បានធ្វើការស្ទង់មតិតាម Twitter ផងដែរ ដោយសួរថាតើ “ ឆន្ទៈរបស់ប្រជាជន ” គួរតែសម្រេចចិត្តថាតើតំបន់ រឹបអូស ទាំងនោះគួរតែនៅជាផ្នែកមួយរបស់អ៊ុយក្រែនឬក្លាយជាផ្នែករបស់រុស្ស៊ី ។
ក្នុងការឆ្លើយតប បែបឌឺដងទៅវិញ លោកហ្សេលេនស្គីបាន បង្ហោះសារស្ទង់ មតិផ្ទាល់ខ្លួននៅលើ Twitter ដោយសួរថា “តើអេឡុនម៉ាស មួយណា ដែលអ្នកចូលចិត្តជាង?” ៖ អេឡុនម៉ាស “ ដែលគាំទ្រ អ៊ុយក្រែន ” ឬអេឡុនម៉ាស “ ដែលគាំទ្ររុស្ស៊ី ” ។
លោក ម៉ាសបាន ឆ្លើយតបទៅ លោកហ្សេលេនស្គីថា “ ខ្ញុំនៅតែគាំទ្រអ៊ុយ ក្រែនយ៉ាងខ្លាំងប៉ុន្តែ ខ្ញុំជឿថា ការកើនឡើងដ៏ធំនៃសង្គ្រាម នឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់អ៊ុយ ក្រែន និងអាចពិភព លោកទាំងមូល” ។
បុរសមាត់ដាច និយាយមិនសំចៃលោកអង់ឌ្រីមេលីន (Andrij Melnyk) ដែលជាឯកអគ្គរដ្ឋទូត អ៊ុយ ក្រែន ប្រចាំអាល្លឺម៉ង់បាន ឆ្លើយតប នឹង Tweet ដើមរបស់លោកម៉ាសជាមួយពាក្យអាសគ្រាមជាច្រើន ។
លោកម៉ាសបានសរសេរនៅក្នុង Tweet មួយទៀតថា “រុស្ស៊ីកំពុងកេណ្ឌទ័ពដោយផ្នែក ។ ពួកគេ នឹងកេណ្ឌទ័ពសម្រាប់សង្គ្រាមពេញទំហឹង ប្រសិនបើគ្រីមេមានហានិភ័យ ។ ការស្លាប់ទាំងសងខាងនឹងពិតជាមហន្តរាយណាស់ ។ រុស្ស៊ីមានប្រជាជនច្រើនជាងអ៊ុយក្រែនបីដង ដូច្នេះជ័យជម្នះសម្រាប់អ៊ុយក្រែនទំនងជាមិនកើតឡើង នៅក្នុងសង្គ្រាមពេញទំហឹងនោះទេ ។ ប្រសិនបើអ្នកខ្វល់ពីប្រជាជនអ៊ុយក្រែន ចូរស្វែងរកសន្តិភាព ” ។
វិមានក្រឹមឡាំង ខ្លួនឯងបានសាទរនិងកោតសរសើរលោក ម៉ាស ចំពោះសំណើរបស់គាត់ប៉ុន្តែ បានព្រមានថារុស្ស៊ី នឹងមិនដកថយពី ការកាត់យកតំបន់របស់អ៊ុយក្រែននោះទេ ។
អ្នកនាំពាក្យវិមាន ក្រឹមឡាំងលោក ឌីមីទ្រីប៉េស្កូវបាន និយាយកាលពីថ្ងៃអង្គារថា “ វាពិតជាវិជ្ជមានណាស់ ដែលមនុស្សដូចជាអេឡុន ម៉ាសកំពុងព្យាយាមស្វែងរកដំណោះស្រាយសន្តិភាព ។ ប៉ុន្តែចំពោះប្រជាមតិប្រជាពលរដ្ឋបានបញ្ចេញមតិរួចហើយ ហើយវាមិនអាចមាន អ្វីផ្សេងទៀតនោះឡើយ ”៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




