រដ្ឋាភិបាលអូស្ត្រាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីគ្រោងទិញ និងដាក់ពង្រាយប្រព័ន្ធរ៉ុកកែតបាញ់កាំភ្លើងធំ HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៦ និង ២០២៧ ដើម្បីបង្កើនសមត្ថភាពយោធាជាតិ ដូចដែលអ៊ុយក្រែនកំពុងប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី ។
រដ្ឋាភិបាលបាននិយាយថា កញ្ចប់ការពារជាតិថ្មីដែលមានតម្លៃជាង ១ ពាន់លានដុល្លារអូស្ត្រាលី (៦៨២.៣ លានដុល្លារអាមេរិក) ក៏នឹងរួមបញ្ចូលទាំងជើងទម្ររបស់ប្រព័ន្ធ HIMARS និងគ្រាប់រ៉ុកកែតផ្សេងទៀត ដូចជាកាំជ្រួចមីស៊ីល Naval Strike ដែលផលិតដោយក្រុមហ៊ុន Kongsberg ដើម្បីជំនួសមីស៊ីលប្រឆាំងនាវាសេរ៊ីចាស់ Harpoon ដែលនឹងដាក់នៅលើនាវាចម្បាំងអូស្ត្រាលី ចាប់ពីឆ្នាំ ២០២៤ តទៅ ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា សព្វាវុធថ្មីនេះនឹងផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអូស្ត្រាលីនូវសមត្ថភាពបន្ថែមទៀតក្នុងការរារាំងជម្លោះ ក៏ដូចជា បន្ថែមនូវការការពារផលប្រយោជន៍រួមរបស់យើងផងដែរ” ។
គួរបញ្ជាក់ថា កាលពីចុងខែធ្នូ រដ្ឋាភិបាលអូស្ត្រាលីក៏បានពិចារណាផងដែរ លើលទ្ធភាពនៃការដាក់ពង្រាយប្រព័ន្ធកាំជ្រួចមីស៊ីលថ្មីៗនៅឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេសនេះ ចំពេលមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិ ៕





ប្រភព CNN ប្រែសម្រួលដោយគីរីដងរែក




