24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ប្រទេសជាច្រើន បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

- Advertisement -spot_img

សៀមរាប៖ បណ្តាប្រទេសជាច្រើនដែលបានមកចូលរួមក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ លើទឹកដីអង្គរ ខេត្តសៀមរាប បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយកាកសំណល់ ជាពិសេសប្លាស្ទិក ដែលជាបញ្ហាប្រឈមដ៏ធំសម្រាប់បរិស្ថាន និងភពផែនដី។

វេទិកាដែលបានបិទបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់ មកពី៣៩ប្រទេស ក្នុងនោះមានរដ្ឋមន្ត្រីចំនួន ៣រូប មកពីប្រទេសជប៉ុន ម៉ាល់ឌីវ និងទូវ៉ាលូ ។ វេទិកាថ្នាក់នេះធ្វើឡើង ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដោយមានកិច្ចពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទសំខាន់ៗចំនួន៨ គឺទី១.ការបង្កើតភាពរួបរួមគ្នាក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា, ទី២.សេដ្ឋកិច្ច ចក្រាឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព, ទី៣.សេដ្ឋកិច្ចចក្រាឆ្ពោះទៅរកនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប, ទី៤.សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs), ទី៥.ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់, ទី៦.ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិក ដែលអាចប្រើតែម្តង, ទី៧.ការពិគ្រោះយោបល់លើ សេចក្តីព្រាង New 3R and Circular Economy Declaration (2024-2034) និងទី៨.សេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាព 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រានៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានឱ្យដឹងថា វេទិកាឆ្នាំនេះ ចៅហ្វាយក្រុង និងរដ្ឋបាលក្រុងកាន់តែច្រើនឡើងនៅក្នុងតំបន់ បានចុះហត្ថលេខាលើសេចក្តីប្រកាស ស្ដីពី Indore 3R របស់ចៅហ្វាយក្រុងអាស៊ី លើការសម្រេចបាននូវ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតនៅក្នុងទីក្រុង។ នេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងស្មោះស្ម័គ្រចំពោះបរិស្ថាន។ លោកបានចាត់ទុកឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តជិត៨ឆ្នាំមុន។ ដើម្បីសម្រេចគោលដៅនេះ ត្រូវប្រឹងឱ្យអស់ពីសមត្ថភាព ក្នុងការស្តារពេលវេលាដែលបាត់បង់ដោយសារវិបត្តិកូវីដ-១៩ និងដើម្បីត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពឡើងវិញ។

លោក អ៊ាង សុផល្លែត ក៏បានជំរុញបន្ថែមទៀតនូវការអភិវឌ្ឍ និងការអនុវត្តឯកសារណែនាំពាក់ព័ន្ធនឹងសេចក្តីប្រកាស ស្ដីពី Indore 3R របស់ចៅហ្វាយក្រុងអាស៊ី លើការសម្រេចបាននូវ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាតនៅក្នុងទីក្រុង, សេចក្តីព្រាងនៃសេចក្តីប្រកាសស្ដីពី 3R និងសេដ្ឋកិច្ចចក្រា រួមទាំងសារាចរ(2024-2034) និង Second State of 3Rs ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងប៉ាស៊ីហ្វិកឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកបានបង្ហាញការជឿជាក់ថា តាមរយៈការរួបរួមគ្នាពីគ្រប់ភាគី នឹងធ្វើការផ្លាស់ប្តូរឆ្ពោះទៅសម្រេចបានគោលដៅសង្គមគ្មានកាកសំណល់ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ដទៃទៀត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img