កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង គឺ លោក ស សុខា ដែលបច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋលេខាធិការ នៃក្រសួង អប់រំយុវជន និងកីឡា បានប្រតិកម្មខ្លាំងៗ ទៅនឹងម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះថា SamdachRatana TV ដែលបានអះអាងថាលោក ចង់ក្លាយជា នាយករដ្ឋមន្ត្រីបន្តវេន ពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។
លោក ស សុខា បានចេញមុខប្រតិកម្មកាលពីថ្ងៃសុក្រថាអ្នក ដែលនិយាយរឿងលោកចង់ក្លាយជានាយករដ្ឋមន្ត្រីបន្តវេនពីលោក ហ៊ុន សែន ជំនួសលោក ហ៊ុន ម៉ាណែត ឬ លោក ហ៊ុន ម៉ានី គឺមិនអាចទទួលយកបាន ហើយមានចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា ។
ការចេញមុខប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទំព័រហ្វេសប៊ុកដដែលបានសរសើរលោក ស សុខា ជាបន្តបន្ទាប់ថា លោកមានចំណេះ ដឹងខ្ពង់ខ្ពស់ ដែលសាកសមធ្វើជានាយករដ្ឋមន្ត្រីបន្តវេន ពីលោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។
ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ SamdachRatana TV ដែលភាគច្រើនគេស្គាល់ថាឈ្មោះ សេង រតនា កាលពីថ្ងៃទី៨ កញ្ញាបានសរសេរផ្សាយ ដោយភ្ជាប់វីដេអូ និងរូបភាពរបស់លោកស សុខា ថាលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានីដូច្នេះ ថា ៖ « កូន លោក ស ខេង ឈ្មោះ ស សុខាក៏ ចង់ឡើងធ្វើជានាយករដ្ឋមន្ត្រីដែរ ។ គាត់មានមនសិការជាតិខ្ពង់ខ្ពស់រៀនសូត្របានជ្រៅជ្រះ និងសុភាពរាបសាទៀតផង » ។
លោក សេង រតនា បានបង្ហោះវីដេអូ និងរូបភាពផ្សេងទៀតបានសរសេរថា ៖ « សម្តីមាសរបស់លោកស សុខា ផ្តាំផ្ញើទៅកូនលោក ហ៊ុន សែនទាំងអស់ » ។ លោកបន្ថែមថា ៖ « ស សុខា កូនលោក ស ខេង ប្រដៅកូនហ៊ុន សែន ទាំងពីរ»។ ហើយលោក សេង រតនា ប្រាប់ ឱ្យអ្នកទស្សនាចូល មើលវីដេអូទាំងអស់ដែលបានផ្សព្វផ្សាយ ។
ឆ្លើយតបជុំវិញរឿងខាងលើនេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ស សុខា បានបញ្ជាក់ឱ្យដឹងថា ៖ « ខ្ញុំមិន ទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ ។ ប៉ុន្តែខ្ញុំសុំលោក ម្យ៉ាងកុំយកវិឌីអូឃ្លីបរបស់ខ្ញុំ ដែលមានខ្លឹមសារផ្សេងទៅបង្ហោះ ដាក់ ចំណងជើងផ្សឹងដែលបង្កប់ដោយចេតនាញ៉ុះញុង ឬ ចោទប្រកាន់ ខ្ញុំថាបង្គាប់បញ្ជាប្រដែប្រដៅបុគ្គលនេះ បុគ្គលនោះ ។ ជាពិសេសកូន សម្ដេចតេជោនាយករដ្ឋមន្រ្តីដូចជាឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានី ជាដើម » ។
លោកនិយាយថា ត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្សក្នុងការរៀបចំចាត់ចែងរចនាសម្ពន្ធ ដឹកនាំប្រទេសនៅពេលដែលគណបក្ស ឈ្នះឆ្នោត ។ លោកបន្ថែមថា ៖ «ជាក់ស្ដែងឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោតជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេននា ពេលអនាគត ដែលក្នុងនោះខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ » ។
លោក សុខា អះអាងថាជាភ័ព្វសំណាងរបស់លោកដែលបានកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ លោកគឺមិនមែនកើតមកសម្រាប់ការប្រកួតប្រជែងនោះទេតែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាពដើម្បី ប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល ។
លោកបន្ថែមថាការទម្លាក់កំហុសលើលោកគឺជាសារមួយ ដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌ ។ លោកថានេះ ជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុងដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ ។ ពួកយើងមានតែការសាមគ្គី ផ្ទៃក្នុងគ្រប់ស្រទាប់ឋានៈ និងគ្រប់រូបភាព ។ លោកបញ្ជាក់ថាទោះបីយើងបក្សផ្សេងគ្នារស់នៅប្រទេសខុសគ្នាជំហរទស្សនៈ និងមើលឃើញមួយជ្រុងផ្សេងគ្នាមែនតែសូម ប្រកាន់ចរិតជាខ្មែរតែមួយ ។
ក្រោយពីប្រតិកម្មពីលោក ស សុខា ម្ចាស់ទំព័រហ្វេសប៊ុក លោក សេង រតនា បាននិយាយថាអ្វី ដែលលោកយកវីដេអ ឃ្លីបរបស់លោក ស សុខា ទៅបង្ហោះ នៅលើផេកដោយភ្ជាប់ជាមួយរូបភាពកូនលោក ហ៊ុន សែន ហើយសរសេរចាក់ដោតនោះ គឺក្នុងគោលបំណងល្អ ។ លោក បញ្ជាក់ថា ៖ « ខ្លឹមសារ នៃវីដេអូ របស់ឯកឧត្តមគឺ ឆ្លុះបញ្ចាំងអំពីគំនិតដឹកនាំប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ » ។
លោក សេង រតនា បន្ថែមថាការលើកឡើងរបស់លោក ស សុខា គឺក្នុងគោលបំណង មិនចង់ឱ្យបែកបាក់នៅក្នុងជួរថ្នាក់ដឹកនាំបក្ស ប្រជាជនជាពិសេស មិនចង់ឱ្យមានពាក់ព័ន្ធជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ។ លោកបន្តថា ៖ « ខ្ញុំនិយាយដោយស្មោះតែម្ដងគឺ លោក ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី មិនដែលបានដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋទេ ដូចជារឿងវិវាទដីធ្លីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងជាដើម » ។
លោកនិយាយថា ចំពោះចំណងជើង ដែលដាក់ថាលោក ស សុខា ក៏ចង់ក្លាយជា នាយករដ្ឋមន្ត្រីដែរ គឺត្រង់ចំណុចនេះ ដោយសារលោក មើលឃើញលោកស សុខា មានសមត្ថភាពពិតប្រាកដ ហើយមានការអប់រំខ្ពង់ខ្ពស់ និងមានការទូន្មានល្អ ៗ ពីអ្នកមានគុណព្រមទាំង ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ទាំងបួនហើយសក្ដិសមទទួលដំណែងដ៏មានសារៈសំខាន់នេះ ៕

ដោយគីរីដងរែក




