រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៉ែន បូណា នៅព្រឹកថ្ងៃពុធនេះ បានចេញមកប្រតិកម្មទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily Khmer ពាក់ព័ន្ធនឹងការសរសេរព័ត៌មានចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកជំនួញដ៏លេចធ្លោរមួយរូបនៅក្នុងវិស័យអចលនទ្រព្យ។ លោក ប៉ែន បូណា បានប្រាប់អ្នកសារព័ត៌មាននៃអង្គភាពព័ត៌មានមួយនេះ ឲ្យពិនិត្យមើលវិជ្ជាជីវៈសារព័ត៌មានឲ្យបានច្បាស់ មុនយកការសង្ស័យទៅធ្វើជាកម្មវត្ថុចោទប្រកាន់នរណាម្នាក់។
តាមរយៈទំព័រហ្វេសប៊ុក លោក ប៉ែន បូណា បានបញ្ជាក់ថា៖«វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទ ប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះគេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុតជាមុនសិន»។ លោក បានអះអាងទៀតថា កាលពីជំនាន់ប៉ុល ពត ខ្មែរច្រើនណាស់ដែលត្រូវគេយកទៅសម្លាប់ដោយគ្រាន់តែសង្ស័យហើយចោទប្រកាន់ថា ជាខ្មាំងរបស់អង្គការ។
ប្រតិកម្មរបស់លោក ប៉ែន បូណា នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily Khmer កាលពីយប់ថ្ងៃអង្គារ បានចុះផ្សាយថា៖ «ប្រភពដ៏ជឿទុកចិត្តមួយបានលាតត្រដាងថា ឧកញ៉ាជំនាន់ថ្មីម្នាក់ក្នុងចំណោមឧកញ៉ាចាស់វស្សា១២នាក់ គឺលោកឡេង ណាវ៉ាត្រា ដែលមានទ្រព្យសម្បត្តិច្រើន ហើយមានលឿនជាងគេនៅកម្ពុជានោះ ពុំដែលទទួលបានប្រាក់ចំណេញពីគម្រោងវិនិយោគ ទាំងអស់របស់ខ្លួននោះទេ»។
សារព័ត៌មានមួយនេះ ថែមទាំងយកក្រុមមួយដែលគេហៅថា«ក្រុមអ្នកឃ្លាំមើល» មកធ្វើការសង្ស័យក្នុងអត្ថបទព័ត៌មានរបស់ខ្លួនថា ឧកញ៉ារូបនេះ អាចកំពុងដឹកនាំបងប្អូនបង្កើតរបស់ខ្លួនទាំងគ្រួសារ និងតារាចម្រៀងល្បីៗមួយចំនួន ឲ្យរកស៊ីលាងលុយកខ្វក់សម្រាប់គ្រួសារអ្នកមានអំណាចនៅកម្ពុជា ដែលតម្រូវឲ្យ សមត្ថកិច្ចត្រូវបើកការស៊ើបអង្កេត ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់នេះ។
សម្រាប់លោក ប៉ែន បូណា គឺគ្មានចំណុចណាមួយនៃវិជ្ជាជីវៈសារព័ត៌មានអនុញ្ញាតឲ្យយក«ការសង្ស័យ» ទៅសរសេរព័ត៌មានចោទប្រកាន់គេបែបនេះឡើយ។ ដូច្នេះហើយ លោកបានអំពាវនាវដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានក្រៅស្រុកផង សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួននោះទើបការផ្សាយព័ត៌មានប្រកបដោយគុណតម្លៃ៕


ដោយគិរីដងរែក




