25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រជាជនថៃ ចាប់ផ្ដើមធ្វើបាតុកម្មគាំទ្រលោក ភិថា និងគណបក្ស (Move Forward Party)

- Advertisement -spot_img

ក្រុមបាតុករជាច្រើនដែលគាំទ្រមេដឹកនាំគណបក្សឈានទៅមុខ (Move Forward Party) លោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បាននិងកំពុងនាំគ្នាប្រមូលផ្ដុំឡើងនៅតាមកន្លែងជាច្រើនក្នុងទីក្រុងបាងកក។

បាតុកម្មនេះបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីសភាថៃ បានច្រានចោលការដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីររបស់លោក ភិថា។ ក្រុមបាតុករក៏បានបង្ហាញពីការប្រឆាំងរបស់ពួកគេ ទៅនឹងសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញថៃ ដែលបានសម្រេចព្យួរលោក ភិថា ពីសមាជិកសភា ដោយត្រូវរង់ចាំការពិចារណាលើសំណុំរឿងភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនអាយធីវី (iTV)។

អង្គការសភាប្រជាជនកែទម្រង់ប្រទេសថៃ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចាប់ផ្តើមយុទ្ធនាការរយៈពេល ១១ ថ្ងៃដើម្បីគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យ ដែលនឹងចាប់ផ្តើមប្រមូលផ្ដុំគ្នានៅផ្លូវបំបែក ប៉ាធុមវ៉ាន (Pathumwan) ។

អង្គការមួយនេះក៏បានអំពាវនាវឱ្យសមាជិកព្រឹទ្ធសភា លាលែងចេញពីតំណែង និងស្នើឱ្យអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងអស់ ចេញមកធ្វើបាតុកម្មប្រឆាំងនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ លោក ប៉ូលហ្កេន សេរីពិសិទ្ធ (Pol Gen Sereepisuth) សមាជិកសភាក្នុងបញ្ជី និងជាមេដឹកនាំគណបក្សសេរីរួមថៃ (Seri Ruam Thai) បានជំរុញឱ្យគណបក្សឈានទៅមុខ ផ្តាច់ខ្លួនចេញពីសម្ព័ន្ធភាពទាំង ៨ គណបក្សជាមុនសិន ដើម្បីបើកផ្លូវឱ្យគណបក្សភឿថៃ ដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រីដើម្បីស្វែងរកការបោះឆ្នោតគាំទ្រនៅក្នុងសភាវិញម្ដង។

គណបក្សសេរីរួមថៃ គឺជាសមាជិកនៃសម្ព័ន្ធភាពទាំងប្រាំបីគណបក្សហើយលោកប៉ូលហ្កេនសេរីពិសិទ្ធបានលើកឡើថានេះ ជាការលះបង់ ដើម្បីគាំទ្រដល់គោលដៅរបស់សម្ព័ន្ធភាពក្នុងការបង្កើតរដ្ឋាភិបាល។ លោកបាននិយាយថា «គណបក្សឈានទៅមុខ ក៏អាចត្រលប់មកវិញក្នុងនាមជាដៃគូសម្ព័ន្ធភាពនៅពេលក្រោយ»។

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img