22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ប្តីប្រពន្ធចោទគ្នា ទៅវិញទៅមកករណីចាក់ ឪពុកស្លាប់

- Advertisement -spot_img

បុរសវ័យ៥៩ឆ្នាំម្នាក់ បានជួយអន្តរាគមន៍ដើម្បីបញ្ឈប់ការឈ្លោះប្រកែកគ្នារវាងកូនស្រី និងកូនប្រសារ តែបែរជាត្រូវគេចាក់មួយកំាបិតបណ្តាលឲ្យស្លាប់។

កូនប្រសារបស់លោកប៊ុន វណ្ណា ឈ្មោះ ហេង សៅរស្មី បាននិយាយថាប្រពន្ធរបស់គាត់ ប៊ុន សូហ្វែរ បានចាក់ឪពុក ១កាំបិតប៉ុន្តែ ស្ត្រីវ័យ ៣០ ឆ្នាំរូបនេះនិយាយថាប្តីគាត់ជាអ្នកចាក់។

លោកសៅរស្មីអាយុ ៣១ឆ្នាំអតីតមន្ត្រីកងទ័ពជើងទឹកបាននិយាយថាលោក និងប្រពន្ធកំពុងឈ្លោះគ្នានៅផ្ទះក្នុងសង្កាត់បឹងទំពុន ភូមិត្នោតជ្រុំ រាជធានីភ្នំពេញ ហើយពេលនោះឪពុករបស់អ្នកនាង សូហ្វែរក៏ចូលឃាត់។

លោកបានប្រាប់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញថាលោក វណ្ណាត្រូវបានចាក់សម្លាប់នៅពេលគាត់ព្យាយាមដណ្តើមកាំបិត ពី កូនស្រីរបស់គាត់។

លោកស្រី ឈុន ដាវី ប្រធានចៅក្រមបាននិយាយថា សៅរស្មី និងសូហ្វែរ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រម ព្រហ្មទណ្ឌ ហើយប្រឈម នឹងការជាប់ពន្ធនាគារពី១០ ឆ្នាំ ទៅ ១៥ ឆ្នាំប្រសិន បើត្រូវ បានផ្តន្ទាទោស។

លោកស្រីបន្តថាពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំមុន បន្ទាប់ពីលោក សៅរស្មី និងអ្នកស្រី សូហ្វែរ បានយកកាំបិតចាក់ទៅលើឪពុកបង្កើតរហូតដល់ស្លាប់ នៅពេលដែលគាត់ជួយអន្តរាគមន៍បញ្ឈប់ជម្លោះរវាងប្តីប្រពន្ធរូបនេះ ខណៈអ្នកស្រី សូហ្វែរ បានយកកាំបិតសាំងគីម និងគំរាមសម្លាប់ប្តីដោយសារការប្រច័ណ្ឌនាពេលនោះ។

ក្នុងសវនាការកាលពីម្សិលមិញលោក សៅរស្មី និងអ្នកស្រី សូហ្វែរ បានបដិសេធការចោទប្រកាន់នេះ ហើយបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការធ្វើឲ្យជនរងគ្រោះស្លាប់។

លោកសៅ រស្មី ប្រាប់តុលាការថា លោក និងអ្នកនាង សូហ្វែរ បានរៀបការនៅឆ្នាំ ២០១៨ ហើយ មករស់នៅផ្ទះ ឪពុកក្មេក នៅភូមិបឹងទំពុន។

លោកអះអាងថាអ្នកនាង សូហ្វែរ តែងតែចោទប្រកាន់គាត់ថាមានរឿងស្នេហា ហើយក្នុងអំឡុងពេលឈ្លោះប្រកែកគ្នានៅថ្ងៃទី ១៣ ខែសីហា គាត់បានសុំលែងលះ ប៉ុន្តែអ្នកនាងបដិសេធ។

លោកនិយាយថា៖ «សូហ្វែរ ស្រែកដាក់ខ្ញុំខ្លាំងៗ ហើយរត់ទៅយកកាំបិតដែលលាក់ទុកក្នុងបន្ទប់គេង»។

លោកប្រាប់តុលាការថា ៖ « ឪពុកក្មេក ខ្ញុំចូលមកក្នុងបន្ទប់ជេរយើងថាចេះតែឈ្លោះគ្នា ហើយស្រែកដាក់ប្រពន្ធឲ្យ ទម្លាក់កាំបិតឈប់ ឈ្លោះទៀត »។

លោកបន្ត ៖ « គាត់បានព្យាយាមដកកាំបិតចេញពីប្រពន្ធខ្ញុំ ហើយការប្រតាយប្រតប់ក៏កើតឡើង ។ គាត់ត្រូវបានចាក់ចំពោះ ហើយ បានរងរបួសធ្ងន់»។

លោកថាគាត់ និងប្រពន្ធបានគ្រាលោកវណ្ណាចូលក្នុងឡានហើយនាំគាត់ទៅព្យាបាលនៅគ្លីនិកឯកជនក្នុងឃុំនោះ។

លោកបន្ថែមថាប៉ុន្តែ គ្រូពេទ្យ គ្លីនិក មិនព្រមព្យាបាលរបួសដោយសាររបួសធ្ងន់ធ្ងរ ហើយណែនាំឲ្យយកអ្នកជំងឺទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ – រុស្ស៊ី ។

លោកនិយាយថា៖ «នៅម៉ោងប្រហែល ១២ យប់ពេលខ្ញុំនាំឪពុកក្មេកទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ – រុស្សី គ្រូពេទ្យនៅមន្ទីរពេទ្យមិនបាន ទៅជួយគាត់ភ្លាមៗទេ»។

លោកថា៖ «ពួកគេបានធ្វើតេស្តកូវីដ-១៩ ហើយនឹងទទួលព្យាបាលគាត់នៅពេលលទ្ធផលអវិជ្ជមានកូវីដ-១៩»។

លោកបន្តថា ៖ « គាត់បានស្លាប់នៅបន្ទប់រង់ចាំក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរហើយក៏ដោយសារបាត់បង់ឈាមច្រើនពេកដែរ » ។

លោកបានស្នើឲ្យតុលាការទម្លាក់ករណីចោទប្រកាន់នេះ និងដោះលែងគាត់ពីពន្ធនាគារ។

ទោះយ៉ាងណាអ្នកនាង សូហ្វែរ បានបដិសេធចំពោះការលើកឡើងរបស់លោក សៅរស្មី អំពីអ្វីដែលបានកើតឡើងនៅក្នុងផ្ទះ។

អ្នកនាងបានប្រាប់ តុលាការ ថាលោក សៅរស្មី ជា អ្នក ចាក់ឪពុករបស់គាត់។

អ្នកនាងនិយាយថា៖ «គាត់ [សៅរស្មី] ខឹងឪពុកខ្ញុំដែលជេរគាត់។ ពេលនោះគាត់រត់ទៅយកកាំបិតចុងស្រួចលាក់ក្នុងបន្ទប់ហើយចាក់ ឪពុកខ្ញុំជាច្រើនដង ។ ឪពុកខ្ញុំបានរត់ចេញហើយពេលគាត់ចុះមកក្រោមគាត់ក៏បានដួល«។

អ្នកនាងបន្តថាក្រោយពីឪពុកបាន ស្លាប់លោក សៅរស្មី បាន លួងលោមនាងឲ្យសារភាពថានាងបានចាក់ជនរងគ្រោះហើយលោកបាន សន្យាថាលោក នឹងមិនលះលែងពីអ្នកនាងទេ ហើយនឹងមើលថែអ្នកនាងរហូត » ។

អ្នកនាងបាន អះអាងថាលោកសៅរស្មី ក៏បានសរសេរមកនាងដែរពេលដែលពួកគេនៅក្នុងពន្ធនាគារ ដោយជំរុញឲ្យនាងសារភាពថាអ្នកនាងជាមនុស្សតែម្នាក់គត់ដែលចាក់ ជនរងគ្រោះ។

អ្នកស្រីបន្ថែមថាលោក សៅរស្មី បាន សន្យាថាបើគាត់ចេញពីគុកគាត់នឹងរកវិធីយកគាត់ចេញពីគុកដែរ។

អ្នកនាងថា ៖ « សូមដោះលែងខ្ញុំពីពន្ធនាគារ »។ សាលក្រមត្រូវកំណត់នៅថ្ងៃទី១៦ ខែ ឧសភា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img